(តូក្យូ)៖ នាថ្ងៃអង្គារ ទី១ ខែតុលា ឆ្នាំ២០២៤នេះ លោក Shigeru Ishiba ប្រធានបក្សកាន់អំណាចនៅប្រទេសជប៉ុន គឺគណបក្សប្រជាធិបតេយ្យសេរី (LDP) ទើបត្រូវបានរដ្ឋសភាជប៉ុន បោះឆ្នោតជាផ្លូវការ តែងតាំងជានាយករដ្ឋមន្រ្តីថ្មី។

​ការបោះឆ្នោតខាងលើធ្វើឡើង បន្ទាប់ពីលោក Ishiba បានជាប់ជាប្រធានថ្មីរបស់បក្ស LDP កាលពីសប្តាហ៍កន្លងទៅ ក្រោយនាយករដ្ឋមន្រ្តី លោក Fumio Kishida បានប្រកាសពីបំណងលាលែងពីតំណែង កាលពីខែសីហា។ ទន្ទឹមគ្នានេះដែរ ការបោះឆ្នោតសកលមុនអាណត្តិ នឹងត្រូវរៀបចំឡើង នាថ្ងៃទី២៧ ខែតុលា។ គណបក្ស LDP បានកាន់អំណាចសឹងតែជាប់រហូត នៅប្រទេសជប៉ុន គឺលើកលែងតែចន្លោះឆ្នាំ១៩៩៣-១៩៩៤ និង២០០៩-២០១២។

ខាងក្រោមនេះ គឺជាជីវប្រវត្តិត្រួសៗរបស់លោក Ishiba៖

លោក Shigeru Ishiba កើតនៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ១៩៥៧ នៅខេត្ត Tottori និងបានបញ្ចប់ការសិក្សាផ្នែកច្បាប់ មកពីសាកលវិទ្យាល័យ Keio ហើយមានភរិយាឈ្មោះ Keiko Ishiba។ លោកធ្លាប់ធ្វើការជាបុគ្គលិក នៅធនាគារមួយ កាលពីចន្លោះឆ្នាំ១៩៧៩ ដល់ឆ្នាំ១៩៨៣។ ក្រោយមកលោក បានជាប់ឆ្នោតជាតំណាងរាស្រ្តជប៉ុនលើកដំបូង នៅឆ្នាំ១៩៨៦ ក្នុងនាមជាសមាជិក នៃគណបក្ស LDP ក្នុងវ័យ២៩ឆ្នាំ ហើយធ្លាប់បានកាន់តួនាទីជា ប្រធានគណៈកម្មាធិការមួយចំនួនរបស់សភា ដល់ឆ្នាំ១៩៩៨។

នៅចន្លោះឆ្នាំ២០០០ ដល់ឆ្នាំ២០០៧ លោក Ishiba បានចូលបម្រើការជាមន្រ្តីក្នុងក្រសួងកសិកម្ម និងក្រសួងការពារជាតិជប៉ុន ខណៈក្នុងឆ្នាំ២០០៧ លោកក៏បានក្លាយជារដ្ឋមន្រ្តីការពារជាតិ ហើយនៅឆ្នាំ២០០៨ បានក្លាយជារដ្ឋមន្រ្តីកសិកម្ម។ នៅឆ្នាំ២០០៩ លោកបានក្លាយជាប្រធានក្រុមប្រឹក្សាស្រាវជ្រាវគោលនយោបាយ របស់គណបក្ស LDP ហើយបានឡើងជា អគ្គលេខាធិការបក្ស នៅឆ្នាំ២០១២។ រីឯកាលពីចន្លោះឆ្នាំ២០១៤ ដល់ឆ្នាំ២០១៦ លោក Ishiba បានកាន់តំណែងជា រដ្ឋមន្រ្តីទទលបន្ទុកកិច្ចការងារ​ជំរុញសេដ្ឋកិច្ចនៅតាមតំបន់ និងគោលនយោបាយ ដែលមានគោលដៅទប់ស្កាត់ការថយចុះចំនួនប្រជាជន៕