(តូក្យូ)៖ នាថ្ងៃអង្គារ ទី១ ខែតុលានេះ លោក Shigeru Ishiba ដែលជាប្រធានថ្មី នៃបក្សកាន់អំណាចនៅប្រទេសជប៉ុន គឺគណបក្សប្រជាធិបតេយ្យសេរី (LDP) ត្រូវបានរដ្ឋសភាជប៉ុន បោះឆ្នោតជាផ្លូវការ តែងតាំងជានាយករដ្ឋមន្រ្តីថ្មី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

​ការបោះឆ្នោតខាងលើធ្វើឡើង បន្ទាប់ពីលោក Ishiba បានជាប់ជាមេដឹកនាំថ្មីរបស់បក្ស LDP កាលពីសប្តាហ៍កន្លងទៅ ក្រោយនាយករដ្ឋមន្រ្តី លោក Fumio Kishida បានប្រកាសពីបំណងលាលែងពីតំណែង កាលពីខែសីហា ដោយសារតែ​ការធ្លាក់ចុះប្រជាប្រិយភាព។ ក្នុងការបោះឆ្នោត​រើសប្រធានបក្ស LDP លោក Ishiba អាយុ៦៧ឆ្នាំ បានយកឈ្នះលើគូប្រជែងចម្បងរបស់ខ្លួន គឺរដ្ឋមន្រ្តីសន្តិសុខសេដ្ឋកិច្ច លោកស្រី Sanae Takaichi អាយុ៦៣ឆ្នាំ។ សម្រាប់លោក Ishiba វាគឺជាលើកទី៥ហើយ ក្នុងការប្រជែងយកតំណែងជា មេដឹកនាំនៃគណបក្សនេះ។

គួរបញ្ជាក់ថា នៅថ្ងៃអង្គារនេះផ្ទាល់ លោក Ishiba ព្រមទាំងគណៈរដ្ឋមន្រ្តីរបស់លោក ក៏នឹងត្រូវស្បថចូលកាន់តំណែងភ្លាមៗ នៅចំពោះមុខព្រះចៅអធិរាជជប៉ុន Naruhito ផងដែរ។ តាមពិត ក្រោយការជាប់ឆ្នោតជាប្រធានថ្មីរបស់បក្ស LDP លោក Ishiba ត្រូវបានធានារួចស្រេចទៅហើយថា នឹងក្លាយជានាយករដ្ឋមន្រ្តីថ្មី ដ្បិតគណបក្សនេះ មានអាសនៈភាគច្រើននៅក្នុងសភា ដែលគ្រប់គ្រាន់ដើម្បីតែងតាំងនាយករដ្ឋមន្រ្តី។ លោក Ishiba បានប្រកាសកំណត់យកថ្ងៃទី២៧ ខែតុលា ដើម្បីរៀបចំការបោះឆ្នោតសកលមុនអាណត្តិ។ រយៈពេល៧ទសវត្សរ៍ចុងមកនេះ គណបក្ស LDP បានកាន់អំណាចសឹងតែជាប់រហូត នៅប្រទេសជប៉ុន គឺលើកលែងតែចន្លោះឆ្នាំ១៩៩៣-១៩៩៤ និង២០០៩-២០១២៕