(វ៉ាស៉ីនតោន)៖ គិតត្រឹមថ្ងៃចន្ទសប្តាហ៍នេះ ចំនួនអ្នកបាត់បង់ជីវិត ដោយសារការវាយប្រហារ នៃព្យុះហឺរីខិនដ៏ខ្លាំងក្លាមួយ ឈ្មោះថា Helene នៅភាគអាគ្នេយ៍នៃសហរដ្ឋអាមេរិក បានបន្តកើនដល់យ៉ាងហោចណាស់១៣០នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី១ ខែតុលា ឆ្នាំ២០២៤។

យោងតាមសេចក្តីរាយការណ៍របស់ ​AFP ដែលផ្អែកលើតួលេខបានមកពីអាជ្ញាធរ​ និងប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ មនុស្សកើនដល់​ចំនួនយ៉ាងហោច១៣០នាក់ បានស្លាប់នៅក្នុងរដ្ឋចំនួន៦ ដោយសារព្យុះ Helene ព្រមទាំងគ្រោះទឹកជំនន់ ដែលវាបង្កឡើង។ ក្នុងចំណោមនោះ រដ្ឋ North Carolina បានរងគ្រោះខ្លាំងជាងគេ ដោយមានអ្នកស្លាប់រហូតដល់៥៧នាក់ បន្ទាប់មករដ្ឋ South Carolina មាន២៩នាក់, រដ្ឋ Georgia មាន២៥នាក់, រដ្ឋ Florida មាន១៤នាក់, រដ្ឋ Tennessee មាន៤នាក់ និងរដ្ឋ​ Virginia មាន១នាក់។ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន គ្រោងធ្វើដំណើរចុះទៅដល់រដ្ឋ North Carolina ដើម្បីពិនិត្យ​មើលកិច្ចប្រឹងប្រែងជួយសង្រ្គោះដោយផ្ទាល់ នាថ្ងៃពុធសប្តាហ៍នេះ។

គួរបញ្ជាក់ថា ព្យុះ Helene បានបោកបក់មកដល់សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន ចំតំបន់ Big Bend នៃរដ្ឋ Florida ក្នុងទម្រង់ជាព្យុះហឺរីខិនកម្រិតទី៤ ដែលមានកម្លាំងខ្យល់បក់យ៉ាងខ្លាំងក្លា គឺ២២៥គីឡូម៉ែត្រក្នុង១ម៉ោង។ ទោះក្រោយមក ព្យុះនេះ​បានថយចុះថាមពល មកនៅត្រឹមជា ព្យុះត្រូពិកក៏ដោយ វាបានបន្សល់ទុក ការបំផ្លិចបំផ្លាញហិនហោច និងការជន់លិចយ៉ាងធ្ងន់ធ្ងរ នៅតាម​កន្លែងដែលវាបានបោកបក់កាត់។ មិនតែប៉ុណ្ណោះ វាក៏បានបង្កឱ្យមានការដាច់ចរន្តអគ្គិសនី និងសេវាទាក់ទង នៅពេសពេញបណ្តារដ្ឋដែលរងគ្រោះ ផងដែរ៕