(តៃប៉ិ)៖ តុលាការនៅកោះតៃវ៉ាន់ កាលពីថ្ងៃចន្ទ ទី៣០ ខែកញ្ញា បានសម្រេចផ្តន្ទាទោស អតីតមន្រ្តីកងទ័ពអាកាសម្នាក់ ដែលមានតួនាទីជាគ្រូបង្រៀនបើកបរយន្តហោះ ដាក់ពន្ធនាគាររយៈពេល១៧ឆ្នាំ ពីបទធ្វើសកម្មភាពលួចស៉ើបការណ៍ឱ្យចិន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

អតីតមន្រ្តីទ័ពអាកាសតៃវ៉ាន់ខាងលើ មានឈ្មោះ Lou Wen-ching និងឋានន្តរសក្តិជាវរសេនីយ៍ទោ ត្រូវបានរកឃើញថា មានទោសពីបទបំពានច្បាប់ព្រហ្មទណ្ឌ នៃកងកម្លាំងប្រដាប់អាវុធតៃវ៉ាន់ តាមរយៈការចូលដៃចូលជើងជាមួយភ្នាក់ងារចារកម្មចិន ហើយផ្តល់ព័ត៌មានសម្ងាត់យោធាឱ្យចិន។ ទីក្រុងតៃប៉ិនិងទីក្រុងប៉េកាំង បានធ្វើសកម្មភាពចារកម្មលើគ្នាទៅវិញទៅមក ចាប់តាំងពីក្រោយ​សង្រ្គាមស៉ីវិលឆ្នាំ១៩៤៩។

គួរបញ្ជាក់ថា កាលពីខែសីហា តុលាការតៃវ៉ាន់ ក៏បានផ្តន្ទាទោសមនុស្សសរុប ៨នាក់ផងដែរ ដាក់ពន្ធនាគាររយៈពេលខុសៗគ្នា ក្នុងនោះយូរបំផុតគឺ១៣ឆ្នាំ សម្រាប់ការលួចស៉ើបការណ៍សម្ងាត់ឱ្យទីក្រុងប៉េកាំងជាថ្នូរនឹងប្រាក់ អំឡុងពេលពួកគេនៅបម្រើតួនាទី​ជាទាហានពេញម៉ោង៕