(មូស្គូ)៖ សេចក្តីព្រាងនៃគម្រោងកញ្ចប់ថវិកា ដែលចេញផ្សាយកាលពីថ្ងៃចន្ទ ទី៣០ ខែកញ្ញា បានបង្ហាញថា ប្រទេសរុស្ស៉ី គ្រោងបង្កើនការចំណាយលើវិស័យការពារជាតិ ក្នុងអត្រា៣០ភាគរយនៅឆ្នាំក្រោយ ដើម្បីគាំទ្រដល់ការធ្វើសង្រ្គាម រយៈពេលជាង​២ឆ្នាំមកហើយរបស់ខ្លួន នៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ផែនការបង្កើនការចំណាយខាងលើ នឹងធ្វើឱ្យកញ្ចប់ថវិកាការពារជាតិរបស់រុស្ស៉ី កើនដល់១៣.៥ទ្រីលានរូប្លិ៍ (ពាន់ពាន់លានរូប្លិ៍) ឬស្មើនឹង១៤៥ពាន់លានដុល្លារអាមេរិក នៅឆ្នាំ២០២៥។ ការចំណាយរួមបញ្ចូលគ្នា លើវិស័យការពារជាតិព្រមទាំងសន្តិសុខរុស្ស៉ី នឹងស្មើប្រមាណជា៤០ភាគរយ នៃកញ្ចប់ថវិកាសរុបទាំងអស់របស់រដ្ឋាភិបាលរុស្ស៉ី ដែលត្រូវបានមើលឃើញថា មានចំនួន៤១.៥ ទ្រីលានរូប្លិ៍ ឬ៤៤៦ពាន់លានដុល្លារអាមេរិក សម្រាប់ឆ្នាំ២០២៥។

គួរបញ្ជាក់ថា ប៉ុន្មានឆ្នាំមកនេះ ទីក្រុងមូស្គូបានបន្តបង្កើនការចំណាយ លើវិស័យការពារជាតិ ក្នុងកម្រិតខ្ពស់ៗ ដែលមិនធ្លាប់ឃើញ​ពីមុនមកឡើយ ចាប់តាំងពីសម័យសូវៀត ស្របពេលដែលខ្លួនធ្វើសកម្មភាពវាយប្រហារ ដោយបាញ់មីស៉ីលនិងដ្រូនជាប់ជាប្រចាំលើ​អ៊ុយក្រែន ហើយផ្តល់ប្រាក់ខែច្រើនៗ ដើម្បីលើកទឹកចិត្តដល់កងទ័ពរាប់សែននាក់ ដែលប្រយុទ្ធតាមជួរសមរភូមិមុខ នៅអ៊ុយក្រែន៕