(បេរូត)៖ ប្រធានទីភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ (UN) បានឱ្យដឹងកាលពីថ្ងៃចន្ទ ទី៣០ ខែកញ្ញាថា មនុស្ស​ប្រហែល១០០,០០០នាក់ហើយ បាននាំគ្នារត់ភៀសខ្លួនចេញពីប្រទេសលីបង់ ចូលកាន់ប្រទេសស៉ីរី ដោយសារតែការវាយប្រហារ​តាមផ្លូវអាកាសរបស់អ៉ីស្រាអែល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

លោក Filippo Grandi ដែលជាប្រធានទីភ្នាក់ងារ UNHCR បាននិយាយថា តួលេខនៃអ្នកដែលបានឆ្លងពីលីបង់ចូលទៅស៉ីរី ដើម្បីគេចពីការទម្លាក់គ្រាប់បែករបស់អ៉ីស្រាអែល ក្នុងនោះមានទាំងជនជាតិលីបង់និងជនជាតិស៉ីរី គឺបានកើនដល់១០០,០០០នាក់ហើយ ខណៈតួលេខនេះ នៅតែកំពុងបន្តកើនឡើងថែមទៀត។

បើតាម UNHCR ការភៀសខ្លួនទ្រង់ទ្រាយធំចេញពីលីបង់ចូលទៅស៉ីរី បានចាប់ផ្តើមកាលពីថ្ងៃទី២៣ ខែកញ្ញា។ ក្នុងរយៈពេល ២សប្តាហ៍ចុងក្រោយនេះ ការវាយប្រហាររបស់អ៉ីស្រាអែល ប្រឆាំងក្រុមហេសបូឡា បានសម្លាប់មនុស្សច្រើនជាង ១,០០០នាក់នៅប្រទេសលីបង់។ កាលពីថ្ងៃសុក្រសប្តាហ៍មុន មេដឹកនាំក្រុមហេសបូឡា លោក Hassan Nasrallah ត្រូវបានសម្លាប់។

គួរបញ្ជាក់ថា ស៉ីរីក៏ជាប្រទេសមួយ ដែលមានវិបត្តិផ្ទាល់ខ្លួននិងអំពើហិង្សាផងដែរ ក្រោយត្រូវបានហែកហួរ ដោយសារសង្រ្គាមស៉ីរីល អស់រយៈពេលជាង១៣ឆ្នាំ និងដួលរលំសេដ្ឋកិច្ច។ យ៉ាងណាមិញ បច្ចុប្បន្ននេះ អំពើហិង្សានៅស៉ីរី មានការថយចុះជាច្រើន ក្រោមបទឈប់បាញ់៕