(បេរូត)៖ កាលពីថ្ងៃចន្ទ ទី៣០ ខែកញ្ញា នាយករដ្ឋមន្រ្តីលីបង់ លោក Najib Mikati បានអំពាវនាវឱ្យមានបទឈប់បាញ់ សម្រាប់ការប្រយុទ្ធគ្នារវាងអ៉ីស្រាអែល និងក្រុមហេសបូឡា អំឡុងជំនួបជាមួយរដ្ឋមន្រ្តីការបរទេសបារាំង លោក Jean-Noel Barrot នៅរដ្ឋធានីបេរូត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

លោក Mikati បាននិយាយដូច្នេះថា «គន្លឹះនៃដំណោះស្រាយ គឺបញ្ចប់សកម្មភាពវាយប្រហាររបស់អ៉ីស្រាអែលប្រឆាំងលីបង់ ហើយជំរុញការអំពាវនាវគាំទ្រឱ្យមានបទឈប់បាញ់ ដែលផ្តួចផ្តើមដោយសហរដ្ឋអាមេរិក និងបារាំង»។ ចំណែក លោក Barrot វិញ បាននិយាយថា «ខ្ញុំទទូចឱ្យអ៉ីស្រាអែល កុំធ្វើសកម្មភាពឈ្លានពានតាមជើងគោក និងបញ្ឈប់ការវាយប្រហាររបស់ខ្លួន។ ទន្ទឹមគ្នា ខ្ញុំក៏ទទូចឱ្យក្រុមហេសបូឡាធ្វើដូចគ្នាផងដែរ និងកុំធ្វើសកម្មភាពទាំងឡាយណា ដែលអាចបង្កអស្ថិរភាពថែមទៀតក្នុងតំបន់»

កាលពីសប្តាហ៍មុន អាមេរិកនិងបារាំង បានចូលរួមជាមួយប្រទេសដទៃទៀតនៅអារ៉ាប់និងអឺរ៉ុប ក្នុងការអំពាវនាវឱ្យអ៉ីស្រាអែល និងហេសបូឡា យល់ព្រមលើបទឈប់បាញ់គ្នារយៈពេល២១ថ្ងៃ ហើយផ្តល់ឱកាសដល់ការដោះស្រាយជម្លោះ តាមរយៈការទូត។ ប៉ុន្តែអ៉ីស្រាអែលបានពង្រើយកន្តើយចំពោះការអំពាវនាវនោះ ដោយបានបង្កើនការវាយប្រហារតាមផ្លូវអាកាសកាន់តែខ្លាំង លើតំបន់​ភាគខាងត្បូង​និងខាងកើតប្រទេសលីបង់ ព្រមទាំងនៅតំបន់ជាយភាគខាងត្បូងទីក្រុងបេរូត ហើយកាលពីថ្ងៃសុក្រសប្តាហ៍ដដែល ក៏បានផ្តាច់ជីវិតមេដឹកនាំក្រុមហេសបូឡា លោក Hassan Nasrallah។

គួរបញ្ជាក់ថា ការកើនឡើងកម្តៅជាខ្លាំងនៃជម្លោះនេះ គឺបន្ទាប់ពីអ៉ីស្រាអែល និងក្រុមហេសបូឡា ដែលមានមូលដ្ឋាននៅលីបង់ បានធ្វើសកម្មភាពបាញ់ផ្លោងដាក់គ្នា ឆ្លងព្រំប្រទល់ទៅវិញទៅមក អស់រយៈពេលជិត១ឆ្នាំមកហើយ។ ក្រុមហេសបូឡាបានអះអាងថា ការវាយប្រហាររបស់ខ្លួន​ប្រឆាំង​អ៉ីស្រាអែល គឺដើម្បីបង្ហាញការគាំទ្រ ដល់ក្រុមហាម៉ាសប៉ាឡេស្ទីន ដែលស្ថិតក្នុងសង្រ្គាមជាមួយអ៉ីស្រាអែល នៅតំបន់ហ្កាហ្សា។ បើតាមអាជ្ញាធរលីបង់ គិតចាប់តាំងពីពាក់កណ្តាលខែកញ្ញា ការវាយប្រហាររបស់អ៉ីស្រាអែល នៅពាសពេញប្រទេសលីបង់ បានសម្លាប់មនុស្សសរុបច្រើនជាង១,០០០នាក់៕