(ប៉េរូត)៖ អនុប្រធានក្រុមហេសបូឡា លោក Naim Qassem បានថ្លែងក្នុងសុន្ទរកថាជាសាធារណៈលើកដំបូងកាលពីថ្ងៃចន្ទ បន្ទាប់ពីមេដឹកនាំក្រុមហេសបូឡា លោក Hassan Nasrallah ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលកាលពីសប្តាហ៍មុន ថា យុទ្ធជនហេសបូឡាបានចាប់ផ្តើមប្រឈមមុខនឹងការឈ្លានពានតាមផ្លូវគោករបស់អ៊ីស្រាអែលនៅលីបង់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

ទោះជាយ៉ាងលោកបានអះអាងថា អ៊ីស្រាអែលនឹងមិនអាចសម្រេចគោលដៅរបស់ខ្លួនបានឡើយ។ លោកបានគូសបញ្ជាក់ថា កងកម្លាំងហេសបូឡាបានត្រៀមខ្លួនរួចជាស្រេចក្នុងការប្រឈមមុខនឹងស្ថានការណ៍ណាមួយ រួមទាំងការឈ្លានពានតាមផ្លូវគោកពីសំណាក់អ៊ីស្រាអែល ប្រសិនបើមានការវាយលុកបែបនេះកើតឡើង។

លោកបានថ្លែងសុន្ទរកថានេះ ខណៈដែលការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅតែបន្តកើតមាននៅទូទាំងទីក្រុងបេរូត និងតំបន់ផ្សេងៗទៀតនៅក្នុងប្រទេសលីបង់។ ការវាយប្រហារទាំងនេះ ដែលបានអូសបន្លាយជាងពីរសប្តាហ៍មកហើយ បានសម្លាប់មេបញ្ជាការក្រុមហេសបូឡាជាច្រើននាក់ រួមទាំងលោក Hassan Nasrallah ផងដែរ។ ទន្ទឹមនឹងនេះ ការវាយប្រហារក៏បានបណ្តាលឱ្យជនស៊ីវិលលីបង់ប្រហែល ១ ០០០នាក់ស្លាប់ និងបង្ខំឱ្យមនុស្សមួយលាននាក់ត្រូវភៀសខ្លួនចេញពីផ្ទះសម្បែង នេះបើយោងតាមរបាយការណ៍របស់រដ្ឋាភិបាលលីបង់។

គួរបញ្ជាក់ថា ការស្លាប់របស់លោក Nasrallah រួមជាមួយនឹងការវាយប្រហារជាបន្តបន្ទាប់លើបណ្តាញទំនាក់ទំនងរបស់អង្គការ និងការធ្វើឃាតមេបញ្ជាការជាន់ខ្ពស់ផ្សេងទៀត ត្រូវបានចាត់ទុកថាជាការវាយប្រហារដ៏ធ្ងន់ធ្ងរបំផុតមកលើក្រុមហេសបូឡា ចាប់តាំងពីក្រុមនេះត្រូវបានបង្កើតឡើងដោយអ៊ីរ៉ង់ក្នុងឆ្នាំ១៩៨២ ដើម្បីប្រយុទ្ធប្រឆាំងនឹងអ៊ីស្រាអែល៕