(ទុយនីស)៖ យ៉ាងហោចណាស់មនុស្ស ១២នាក់ រួមទាំងទារក៣នាក់បានស្លាប់ និង ១០នាក់ផ្សេងទៀតបានបាត់ខ្លួន បន្ទាប់ពីទូករបស់ពួកគេលិចនៅឆ្នេរសមុទ្រ Djerba ប្រទេសទុយនីស៊ី កាលពីថ្ងៃចន្ទ ខណៈដែលពួកគេកំពុងព្យាយាមធ្វើដំណើរឆ្លងសមុទ្រមេឌីទែរ៉ាណេទៅកាន់ទ្វីបអឺរ៉ុប។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤។

មន្ត្រីម្នាក់បានឱ្យដឹងថា ឆ្មាំឆ្នេរសមុទ្របានជួយសង្គ្រោះមនុស្សចំនួន ២៩នាក់ ដែលជាអ្នកដំណើរនៅលើទូកដែលមានមនុស្សច្រើនកុះករនោះ។

អង្គការឃ្លាំមើលសិទ្ធិមនុស្សបាននិយាយថា ជនចំណាកស្រុកស្ទើរតែទាំងអស់នៅលើទូកនោះ គឺជាជនជាតិទុយនីស៊ី លើកលែងតែជនជាតិម៉ារ៉ុកពីរនាក់ប៉ុណ្ណោះ។

គួរបញ្ជាក់ថា បច្ចុប្បន្ន ទុយនីស៊ីកំពុងជួបប្រទះវិបត្តិចំណាកស្រុកដ៏ធ្ងន់ធ្ងរ ដោយប្រជាជនទុយនីស៊ី និងជនជាតិអាហ្វ្រិកជាច្រើនបានប្រើប្រាស់ប្រទេសនេះជាចំណុចចេញដំណើរសំខាន់ ដើម្បីស្វែងរកជីវិតកាន់តែប្រសើរនៅទ្វីបអឺរ៉ុប ជំនួសឱ្យប្រទេសលីប៊ី៕