(វ៉ាស៉ីនតោន)៖ សមាជិកព្រឹទ្ធសភាមួយរូប បាននិយាយថា គ្រាប់បែកដែលអ៉ីស្រាអែល ប្រើដើម្បីធ្វើឃាតមេដឹកនាំក្រុមហេសបូឡា លោក Hassan Nasrallah នៅទីក្រុងបេរូត ប្រទេសលីបង់ កាលពីសប្តាហ៍មុននោះ គឺផលិតដោយសហរដ្ឋអាមេរិក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី៣០ ខែកញ្ញា ឆ្នាំ ២០២៤។

នេះជាសេចក្តីថ្លែងការណ៍ដ៏កម្រ​របស់សហរដ្ឋអាមេរិក ​ជុំវិញប្រភេទអាវុធ​​ដែល​ត្រូវ​បាន​គេ​ យកទៅប្រើប្រាស់ក្នុងសមរភូមិ។ អំឡុងពេលផ្តល់បទសម្ភាសន៍ជាមួយទូរទស្សន៍ NBC លោក Mark Kelly ប្រធានអនុគណៈកម្មាធិការសេវាកម្មប្រដាប់អាវុធ នៃព្រឹទ្ធសភា និយាយថា អ៉ីស្រាអែលបានប្រើគ្រាប់បែកស៊េរី Mark 84 ទម្ងន់ ៩០០គីឡូក្រាម។ លោកបញ្ជាក់ដូច្នេះថា «គ្រាប់បែកទម្ងន់ ៩០០គីឡូក្រាមនះ ជាស៊េរី Mark 84 ហើយបានសម្លាប់លោក Nasrallah»

គួរបញ្ជាក់ថា យោធាអ៉ីស្រាអែល បានប្រកាសពីការសម្លាប់មេដឹកនាំហេសបូឡា លោក Nasrallah នៅក្នុងការវាយប្រហារមួយ ទៅលើទីស្នាក់ការកណ្តាលរបស់ក្រុមនេះ នៅឯភាគខាងត្បូងទីក្រុងបេរូត ប៉ុន្តែ​បាន​បដិសេធ​ធ្វើ​អត្ថាធិប្បាយ​អំពី​អាវុធ ​​ដែល​ត្រូវ​បាន​​ប្រើប្រាស់​សម្រាប់ការ​វាយ​ប្រហារ​នោះ។ ភ្លាមៗមន្ទីរបញ្ចកោណ មិនទាន់អាចសុំការអត្ថាធិប្បាយបានទេ៕