(តូក្យូ)៖ ប្រព័ន្ធផ្សព្វផ្សាយជប៉ុន នៅថ្ងៃចន្ទ ទី៣០ ខែកញ្ញានេះបានរាយការណ៍ថាអនាគតនាយករដ្ឋមន្ត្រី លោក Shigeru Ishiba មានគម្រោងអំពាវនាវឱ្យមាន ការរៀបចំការបោះឆ្នោតសកលមុនអាណត្តិ នៅចុងខែតុលាខាងមុខ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

លោក Ishiba មានអាយុ ៦៧ឆ្នាំ បានទទួលជ័យជម្នះនៅក្នុងការបោះឆ្នោតជ្រើសរើសប្រធានថ្មីរបស់គណបក្សប្រជាធិបតេយ្យសេរី (LDP) កាលពីថ្ងៃសុក្រ សប្ដាហ៍មុន។ ការជាប់ឆ្នោតជាប្រធានបក្ស LDP ក៏មានន័យដែរថាលោក Ishiba នឹងក្លាយជានាយករដ្ឋមន្ត្រីថ្មីរបស់ជប៉ុន ដ្បិត LDP មានអាសនៈភាគច្រើន នៅក្នុងសភាគ្រប់គ្រាន់ដើម្បីតែងតាំងនាយករដ្ឋមន្ត្រី។ លោកត្រូវបានរំពឹងថានឹងស្បថចូលកាន់តំណែងជាផ្លូវការនៅថ្ងៃអង្គារសប្ដាហ៍នេះ។

បើតាមទូរទស្សន៍ជប៉ុន NHK លោក Ishiba មានគម្រោងរំលាយសភានៅថ្ងៃទី៩ ខែតុលា នៅមុនការរៀបចំការបោះឆ្នោតសកលនៅថ្ងៃទី២៧ ខែតុលា។

គួរបញ្ជាក់ថា លោក Ishiba កាលពីថ្ងៃសុក្រសប្ដាហ៍មុន ក៏បានបង្ហើបដែរថាលោកមានបំណងអំពាវនាវឱ្យមានការបោះឆ្នោតមួយ ដើម្បីពង្រឹងអាណត្តិរបស់ លោក ឱ្យបានឆាប់តែដែលអាចធ្វើទៅបាន។ តែមិនបានបញ្ជាក់ពីកាលបរិច្ឆេទឡើយ។ លោក Ishiba ដែលជាអតីតរដ្ឋមន្ត្រីការពារជាតិជប៉ុន បានជាប់ឆ្នោត ជាប្រធានបក្ស LDP ជំនួសលោក Fumio Kishida ដែលបានលាលែងចេញពីតំណែង ដោយសារតែការធ្លាក់ចុះប្រជាប្រិយភាព៕