(វ៉ាស៊ីនតោន)៖ អ្នកនាំពាក្យសេតវិមាន លោក John Kirby បាននិយាយថា ការធ្វើសង្គ្រាមទាំងស្រុងប្រឆាំងនឹងក្រុមហេសបូឡា ឬអ៊ីរ៉ង់ នឹងមិនអាចធានាសុវត្ថិភាព និងអនុញ្ញាតឱ្យប្រជាជនអ៊ីស្រាអែលនៅភាគខាងជើង ត្រឡប់ទៅផ្ទះរបស់ពួកគេវិញបាននោះទេ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤។

លោក Kirby បានប្រាប់ CNN នៅថ្ងៃអាទិត្យនេះថា សហរដ្ឋអាមេរិកជឿថា ការដោះស្រាយបញ្ហាដោយសន្តិវិធី តាមរយៈការទូត គឺជាមធ្យោបាយតែមួយគត់ដើម្បីធានាសុវត្ថិភាព និងការត្រឡប់មកផ្ទះវិញជាអចិន្ត្រៃយ៍របស់ប្រជាជនអ៊ីស្រាអែលនៅភាគខាងជើង។ លោកបានបញ្ជាក់ថា សង្គ្រាមទាំងស្រុងជាមួយក្រុមហេសបូឡា និងអ៊ីរ៉ង់ មិនមែនជាដំណោះស្រាយនោះទេ។

ទន្ទឹមគ្នានេះ លោក Kirby បានបញ្ជាក់ថា សហរដ្ឋអាមេរិកកំពុងតាមដានយ៉ាងដិតដល់នូវសកម្មភាពរបស់ក្រុមហេសបូឡា និងកំពុងពិភាក្សាយ៉ាងសកម្មជាមួយអ៊ីស្រាអែលអំពីជំហានបន្ទាប់ដែលសមស្រប។

គួរបញ្ជាក់ថា អ៊ីស្រាអែលបានបន្តការវាយប្រហារលើគោលដៅជាច្រើននៅក្នុងប្រទេសលីបង់នៅថ្ងៃអាទិត្យនេះ ដើម្បីដាក់សម្ពាធបន្ថែមទៀតលើក្រុមហេសបូឡា បន្ទាប់ពីការសម្លាប់មេដឹកនាំរបស់ពួកគេ។ អ៊ីស្រាអែលបានបញ្ជាក់ថា គោលដៅនៃការវាយប្រហារទាំងនេះគឺដើម្បីធានាសុវត្ថិភាពនៅភាគខាងជើងអ៊ីស្រាអែល ពីការបាញ់គ្រាប់រ៉ុក្កែតរបស់ហេសបូឡា និងអនុញ្ញាតឱ្យជនភៀសខ្លួនរាប់ពាន់នាក់ដែលបានភៀសខ្លួនចេញពីតំបន់នោះ អាចត្រឡប់ទៅផ្ទះរបស់ពួកគេវិញបាន៕