(ម៉ាឌ្រីដ)៖ ក្រុមសង្គ្រោះកំពុងប្រើទូកល្បាត និងឧទ្ធម្ភាគចក្រដើម្បីស្វែងរកជនចំណាកស្រុកប្រហែល ៤៨នាក់ ដែលបានបាត់ខ្លួន បន្ទាប់ពីទូករបស់ពួកគេលិចនៅជិតកោះ El Hierro កាលពីថ្ងៃសៅរ៍។ ឧបទ្ទវហេតុនេះអាចជាសោកនាដកម្មដ៏ធំបំផុតក្នុងរយៈពេល ៣០ឆ្នាំចុងក្រោយនេះ ដែលទាក់ទងនឹងការធ្វើដំណើរឆ្លងកាត់ពីទ្វីបអាហ្វ្រិកទៅកាន់ប្រជុំកោះកាណារីរបស់អេស្ប៉ាញ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៤។

ក្រុមអ្នកជួយសង្គ្រោះបានរកឃើញអ្នកនៅរស់រានមានជីវិតចំនួន ២៧នាក់ និងសាកសពចំនួន ៩នាក់ រួមទាំងកុមារម្នាក់។ បច្ចុប្បន្ន មនុស្សប្រមាណ ៤៨នាក់នៅតែបាត់ខ្លួន ខណៈក្រុមសង្គ្រោះបានបន្តការស្វែងរកតាមផ្លូវអាកាស និងសមុទ្រ។

ឧបទ្ទវហេតុនេះត្រូវបានគេមើលឃើញថាអាចជាសោកនាដកម្មដ៏ធំបំផុតមួយក្នុងរយៈពេល ៣០ឆ្នាំចុងក្រោយនេះ នៃការធ្វើដំណើរឆ្លងកាត់ពីទ្វីបអាហ្រ្វិកទៅកាន់កោះកាណារី។

អាជ្ញាធរអេស្ប៉ាញបានបញ្ជាក់ថា ជនចំណាកស្រុកទាំងនោះមកពីប្រទេសម៉ាលី ម៉ូរីតានី និងសេណេហ្គាល់។ ហេតុការណ៍នេះកើតឡើងក្នុងបរិបទដែលចំនួនជនចំណាកស្រុកឆ្លងកាត់ពីអាហ្វ្រិកខាងលិចទៅកាន់កោះកាណារីបានកើនឡើង ១៥៤% ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០២៤ ខណៈដែលចំនួនជនចំណាកស្រុកឆ្លងកាត់នៅតំបន់មេឌីទែរ៉ាណេកណ្តាល និងខាងលិចមានការថយចុះ៕