(កៀវ)៖ ក្រុមមន្ត្រីអ៊ុយក្រែននិយាយថា កងកម្លាំងរុស្ស៉ីបានធ្វើការវាយប្រហារពីរលើក មកលើមន្ទីរពេទ្យមួយនៅតំបន់ Sumy ភាគឦសានប្រទេស កាលព្រឹកថ្ងៃសៅរ៍ ទី២៨ ខែកញ្ញានេះ បណ្តាលឱ្យមនុស្ស ៩នាក់ស្លាប់ ហើយកំពុងមានការជម្លៀសចេញពីទីតាំងអគារ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

រដ្ឋអាជ្ញាអ៊ុយក្រែន បាននិយាយថា អំឡុងពេលនៃការវាយប្រហារនោះ មានអ្នកជំងឺចំនួន ៨៦នាក់ និងបុគ្គលិកចំនួន ៣៨នាក់កំពុងស្ថិតនៅក្នុងមន្ទីរពេទ្យ។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Ihor Klymenko បានឱ្យដឹងថា ការវាយប្រហារលើកដំបូង បានសម្លាប់មនុស្សម្នាក់ និងធ្វើឱ្យខូចខាតពិដានមន្ទីរពេទ្យ។ ក្រោយមក ខណៈមនុស្ស​កំពុង​ត្រូវ​បាន​ជម្លៀស ​រុស្ស៉ីបាន​ធ្វើការវាយ​ប្រហារ​ម្តង​ទៀត បណ្តាលឱ្យមនុស្ស ៥នាក់​ស្លាប់។ តាមក្រុមសង្រ្គោះបន្ទាន់ មនុស្សចំនួន ១០នាក់បានរងរបួសក្នុងការវាយប្រហារនេះ។

កងកម្លាំងអាកាសអ៊ុយក្រែន បានបាញ់ទម្លាក់យន្តហោះដ្រូនចំនួន ៦៩គ្រឿងក្នុងចំណោម ៧៣គ្រឿង។ រដ្ឋបាលយោធាក្រុងកៀវ ក៏បានឱ្យដឹងផងដែរថា ដ្រូនប្រហែល ១៥គ្រឿងត្រូវបានបំផ្លាញ ដោយប្រព័ន្ធការពារដែនអាកាសនៅក្នុងរដ្ឋធានី និងនៅជាយក្រុង។

គួរបញ្ជាក់ថា ការវាយប្រហារលើទីក្រុង Sumy និងតំបន់ Sumy កើតឡើងកាន់តែញឹកញាប់ ចាប់តាំងពីអ៊ុយក្រែនបើកប្រតិបត្តិការចូលតំបន់ Kursk របស់រុស្ស៉ី កាលពីខែសីហា និងដណ្តើមកាន់កាប់ទីតាំងបានជាច្រើន។ ទីក្រុង Sumy ស្ថិតនៅចម្ងាយត្រឹមតែ ៣២គីឡូម៉ែត្រពីព្រំដែន និងកងកម្លាំងជួរមុខរបស់រុស្ស៉ី៕