(កដ្ឋមណ្ឌូ)៖ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយ នៅប្រទេសនេប៉ាល់ បានឱ្យដឹងនាថ្ងៃសៅរ៍នេះថា គ្រោះទឹកជំនន់និងរអិលបាក់ដី បង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង នៅក្នុងប្រទេសតំបន់ជួរភ្នំហិម៉ាល័យមួយនេះ បានបណ្តាលឱ្យមនុស្សយ៉ាងហោច១០នាក់ស្លាប់ និង​១៨នាក់ផ្សេងទៀត បាត់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០២៤។

ផ្នែកនៃប្រទេសនេប៉ាល់ ត្រូវបានជន់លិចដោយសារជំនន់ទឹកភ្លៀង តាំងពីថ្ងៃសុក្រសប្តាហ៍នេះ ជាហេតុនាំឱ្យអាជ្ញាធរប្រកាសអាសន្ន អំពីគ្រោះទឹកជំនន់ភ្លាមៗ សម្រាប់បណ្តាតំបន់ ដែលនៅបណ្តោយដងទន្លេ។ កម្រិតទឹកទន្លេនៅរដ្ឋធានីកដ្ឋមណ្ឌូ បានកើនឡើងខ្ពស់ រហូតជន់លិចផ្ទះសម្បែង និងយានជំនិះប្រជាជន ដែលស្ថិតនៅក្បែរច្រាំងទន្លេ។

កងកម្លាំងសន្តិសុខប្រមាណជាង៣,០០០នាក់ ត្រូវបានដាក់ពង្រាយ ដើម្បីគាំទ្រកិច្ចប្រឹងប្រែងជួយសង្រ្គោះ ក៏ដូចជាស្វែងរុករក​អ្នកដែលបាត់ខ្លួន។ គ្រោះរអិលបាក់ដី ក៏បានរាំងខ្ទប់ ផ្លូវហាយវេមួយចំនួនផងដែរ ដែលធ្វើឱ្យអ្នកដំណើររាប់រយនាក់ ត្រូវជាប់គាំង។ ជាមួយគ្នានោះ ជើងហោះហើរក្នុងស្រុកទាំងអស់ ដែលចេញនិងចូលទីក្រុងកដ្ឋមណ្ឌូ ត្រូវបានលុបចោល ចាប់ពីយប់ថ្ងៃសុក្រ។

គួរបញ្ជាក់ថា រៀងរាល់ឆ្នាំ រដូវភ្លៀងតែងតែបង្កឱ្យមានមនុស្សស្លាប់ច្រើន និងការបំផ្លិចបំផ្លាញធ្ងន់ធ្ងរ ពេសពេញតំបន់អាស៉ីខាងត្បូង ប៉ុន្តែចំនួនករណីគ្រោះទឹកជំនន់ និងរអិលបាក់ដីអាក្រក់ៗ ដែលបណ្តាលឱ្យមានមនុស្សស្លាប់ច្រើនៗ បានកើនឡើងគួរឱ្យកត់សម្គាល់ ក្នុងពេលប៉ុន្មានឆ្នាំកន្លងទៅនេះ។ បើតាមក្រុមអ្នកជំនាញ ពួកគេបន្ទោសលើកត្តាប្រែប្រួលអាកាសធាតុ។ នៅក្នុងឆ្នាំ ប្រទេសនេប៉ាល់ មានមនុស្ស​បាត់បង់ជីវិតសរុបជាង១៧០នាក់ ដោយសារគ្រោះធម្មជាតិ ពាក់ព័ន្ធការធ្លាក់ភ្លៀង៕