(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ តំបន់ភាគអាគ្នេយ៍សហរដ្ឋអាមេរិក បានរងការវាយប្រហារពី ព្យុះហឺរីខិនឈ្មោះ Helene ហើយមកទល់ពេលនេះ វាបានផ្តាច់ជីវិតមនុស្សសរុបយ៉ាងហោចណាស់ ៤៣នាក់។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសៅរ៍ ទី២៨ ខែកញ្ញា ឆ្នាំ២០២៤។

មុនធ្វើដំណើរឆ្ពោះទៅភាគខាងជើងកាត់រដ្ឋ Georgia ហើយឆ្លងចូលទៅដល់រដ្ឋ Tennessee ព្រមទាំងរដ្ឋ Carolina ទាំងពីរ ព្យុះ Helene បានវាយប្រហារចំតំបន់ Big Bend នៃរដ្ឋ Florida ក្នុងទម្រង់ជាព្យុះហឺរីខិនកម្រិតទី៤ ដែលមានកម្លាំងខ្យល់បក់យ៉ាងខ្លាំងក្លា គឺរហូតដល់២២៥គីឡូម៉ែត្រក្នុង១ម៉ោង។ មកដល់រសៀលថ្ងៃសុក្រ ព្យុះ Helene ក៏បានថយចុះថាមពល មកនៅត្រឹមជា ព្យុះត្រូពិក ដែលមានកម្លាំងខ្យល់ត្រឹម ៥៥គីឡូម៉ែត្រក្នុង១ម៉ោង ប៉ុន្តែវាបានបន្សល់ទុកទិដ្ឋភាពនៃការបំផ្លិចបំផ្លាញ និងជន់លិចធ្ងន់ធ្ងរ នៅតាម​កន្លែងដែលបានព្យុះនេះ បានបោកបក់កាត់។

គួរបញ្ជាក់ថា ក្នុងចំណោមអ្នកដែលបានបាត់បង់ជីវិត ដោយសារការវាយប្រហារនៃព្យុះ Helene គឺមានយ៉ាងហោច៧នាក់ នៅរដ្ឋ Florida, ១៥នាក់នៅរដ្ឋ Georgia, ២នាក់នៅរដ្ឋ North Carolina និងយ៉ាងហោច២០នាក់ នៅរដ្ឋ South Carolina៕