(វ៉ាស៊ីនតោន)៖ នៅប៉ុន្មានសប្ដាហ៍ខាងមុខ អាចនឹងក្លាយជាដំណាក់កាលដ៏សំខាន់បំផុតមួយសម្រាប់សង្រ្គាមនៅអ៊ុយក្រែន។ ខណៈលោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី កំពុងអំពាវនាវឱ្យ មានការធ្វើសកម្មភាពដ៏អង់អាចពីសម្ព័ន្ធមិត្តលោកខាងលិច ដើម្បីសម្រេចឱ្យបាននូវ «ផែនការជ័យជម្នះ» របស់លោក អតីតប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដែលសព្វថ្ងៃជាបេក្ខជន ប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ បានសន្យាថានឹងនាំសហរដ្ឋអាមេរិកចេញពីសង្រ្គាមអ៊ុយក្រែន ប្រសិនបើលោកជាប់ឆ្នោតជាប្រធានាធិបតីសាជាថ្មីនៅខែវិច្ឆិកាខាងមុខ។ ក្រៅពីនេះ អ៊ុយក្រែនក៏នឹងត្រូវប្រឈមមុខផងដែរនឹងសង្រ្គាមរដូវរងាដ៏មរណៈ ស្របពេលធនធានថាមពលថយចុះ។

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អាមេរិក ABC News កាលពីថ្ងៃចន្ទ ទី២៣ ខែកញ្ញា លោក ហ្សេលេនស្គី បានគូសបញ្ជាក់ដូច្នេះថា «យើងកាន់តែខិតជិតទៅរកសន្តិភាពជាងការគិតរបស់ យើងកន្លងមក។ យើងកាន់តែខិតជិតទៅរកទីបញ្ចប់នៃសង្រ្គាម ហើយសកម្មភាពផ្ដាច់ព្រ័ត្រក្នុងពេលនេះអាចនឹងកាន់តែជួយពន្លឿនការបិទបញ្ចប់ការឈ្លានពានរបស់រុស្ស៉ីប្រឆាំងអ៊ុយក្រែន នៅឆ្នាំក្រោយ»។ លោក ហ្សេលេនស្គី បានធ្វើដំណើរទៅដល់ទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃព្រហស្បតិ៍ ទី២៦ ខែកញ្ញា ដើម្ប​ីធ្វើបទបង្ហាញពី «ផែនការជ័យជម្នះ» ទៅកាន់ប្រធានាធិបតីចាំផ្ទះ លោក ចូ បៃដិន នៅឯសេតវិមាន ជាទីដែលមេដឹកនាំអាមេរិកបានសន្យាថានឹងផ្ដល់ជំនួយយោធាទំហំ ៧.៩ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន និងគ្រាប់បែកចម្ងាយឆ្ងាយ ដោយធ្វើឱ្យរុស្ស៉ី ក្ដៅស្លឹកត្រចៀក ជាមួយការកែប្រែគោលនយោបាយអាវុធនុយក្លេអ៊ែរមិនធ្លាប់មានពីមុនមក។ ការកែប្រែគោលនយោបាយអាវុធនុយក្លេអ៊ែរនេះដែលត្រូវបានប្រកាសដោយផ្ទាល់ពីសំណាក់លោក វ្ល៉ាឌីមៀ ពូទីន ត្រូវបានវិមានក្រឹមឡាំងចាត់ទុកថាជាការបញ្ជូនសារមួយទៅកាន់លោកខាងលិចពីផលវិបាកធ្ងន់ធ្ងរ ប្រសិនបើមហាអំណាចលោកខាងលិចចូលរួមនៅក្នុងសកម្មភាពវាយប្រហារលើរុស្ស៉ី។

ដំណើរទស្សនកិច្ចរបស់លោក ហ្សេលេនស្គី ទៅកាន់ទីក្រុងវ៉ាស៊ីនតោន ធ្វើឡើងចំពេលការឈ្លានពានរបស់រុស្ស៉ីប្រឆាំងអ៊ុយក្រែនចូលដល់ដំណាក់កាលដ៏សំខាន់មួយ ក្នុងពេលកងទ័ពរុស្ស៉ីកំពុង មានភាពរីកចម្រើននៅក្នុងតំបន់ភាគខាងកើតអ៊ុយក្រែន រីឯប្រជាជនអ៊ុយក្រែន និងហេដ្ឋារចនាសម្ព័ន្ធថាមពលនៅតាមទីក្រុងជាច្រើន កំពុងរងការបង្កើនការទម្លាក់គ្រាប់បែក និងការវាយប្រហារ ដោយដ្រូនពីកងកម្លាំងរុស្ស៉ី។ បើតាមអាជ្ញាធរអ៊ុយក្រែន ប្រជាជនអ៊ុយក្រែនអាចនឹងជួបប្រទះការខ្វះខាត ឬការដាច់ចរន្តអគ្គិសនីចន្លោះពី៤ ទៅ ១៨ម៉ោង ក្នុងមួយថ្ងៃ នៅប៉ុន្មានខែខាងមុខ។

មិនតែប៉ុណ្ណោះ ការផ្លាស់ប្ដូរមេដឹកនាំ ឬគណបក្សដឹកនាំប្រទេសនៅក្នុងសហរដ្ឋអាមេរិក ក៏អាចនឹងធ្វើឱ្យប៉ះពាល់ដល់ការគាំទ្ររបស់ទីក្រុងវ៉ាស៊ីនតោនចំពោះអ៊ុយក្រែន ជាពិសេសប្រសិនបើលោក ដូណាល់ ត្រាំជាប់ឆ្នោតជាប្រធានាធិបតី។ សហរដ្ឋអាមេរិកមកទល់នឹងពេលនេះ បានផ្ដល់ជំនួយយោធា និងហិរញ្ញវត្ថុជាង ១៧៥ពាន់លានដុល្លារសម្រាប់ទីក្រុងកៀវ ចាប់តាំងពីសង្រ្គាមផ្ទុះឡើង កាលពីខែកុម្ភៈ ឆ្នាំ២០២២។ «ជារៀងរាល់ពេលដែលលោក ហ្សេលេនស្គី មកកាន់សហរដ្ឋអាមេរិក លោកតែងតែត្រឡប់ទៅផ្ទះវិញជាមួយលុយ ១០០ពាន់លានដុល្លារ។ យើងនឹងជាប់គាំងក្នុង សង្រ្គាមនោះ (សង្រ្គាមអ៊ុយក្រែន) រហូតដល់ទាល់តែខ្ញុំក្លាយជាប្រធានាធិបតី...ខ្ញុំនឹងសម្រួលឱ្យមានកិច្ចចរចា។ ខ្ញុំនឹងបញ្ឈប់សង្រ្គាម ហើយយើងនឹងបញ្ឈប់សង្រ្គាម»។ នេះជាការបញ្ជាក់របស់ លោក ដូណាល់ ត្រាំ កាលពីថ្ងៃពុធ ទី២៥ ខែកញ្ញា ដោយថែមទាំងចោទប្រកាន់ទៀតផងថាលោក ហ្សេលេនស្គី បានបដិសេធចុះកិច្ចព្រមព្រៀងជាមួយរុស្ស៉ី។

* ផែនការជ័យជម្នះ៖ លោក ហ្សេលេនស្គី សង្ឃឹមថាអាចនឹងទាញយកផលចំណេញ អំឡុងស្នាក់នៅសហរដ្ឋអាមេរិក។ លោកបានធ្វើដំណើរទៅដល់សហរដ្ឋអាមេរិក ក្នុងពេលមួយដែលលោក ចូ បៃដិន សល់ពេលតែជាង៤ខែទៀត នឹងផុតអាណត្តិជាប្រធានាធិបតី ហើយកំពុងព្យាយាមបន្សល់ទុកកេរ្តិ៍ដំណែលនយោបាយ។ នៅក្នុងឆ្នាំ២០២៤នេះ ជំនួយយោធាដែលលោកខាងលិចបានសន្យា និងបញ្ជូនទៅឱ្យអ៊ុយក្រែនគឺមានភាពយឺតយ៉ាវ។ លោកស្រី Jaroslava Barbieri ជាអ្នកស្រាវជ្រាវថ្នាក់បណ្ឌិតម្នាក់មកពីសាកលវិទ្យាល័យ Birmingham ជំនាញស្ដីពីរុស្ស៉ី និងការសិក្សាពីតំបន់ អឺរ៉ុបខាងកើតជាមួយការផ្ដោតលើសង្រ្គាមអ៊ុយក្រែន បាននិយាយថា «ផែនការជ័យជម្នះរបស់លោក ហ្សេលេនស្គី គឺមានបំណងចង់បំបែកភាពជាប់គាំងយោធាសព្វថ្ងៃ តាមរយៈការផ្ដល់នូវផែនការ នៃជំហានដើរយ៉ាងរឹងមាំដែលអ៊ុយក្រែនត្រូវការពីប្រទេសជាដៃគូរបស់ខ្លួន នៅមុនដំណាច់ឆ្នាំ២០២៤នេះ»។ នៅក្រោមផែនការនេះ លោក ហ្សេលេនស្គីត្រូវបានរំពឹងថាជំរុញឱ្យមាន ការធ្វើសកម្មភាពឱ្យបានលឿនរហ័សលើយោធា នយោបាយ ការទូត និងសេដ្ឋកិច្ច ព្រមទាំងការធានាសន្តិសុខក្នុងនាមជាសមាជិក​ NATO សម្រាប់អ៊ុយក្រែន ហើយស្នើឱ្យបង្កើន ក៏ដូចជាពង្រឹង ការដាក់ទណ្ឌកម្ម ដើម្បីធ្វើឱ្យសេដ្ឋកិច្ច និងឧស្សាហកម្មអាវុធរបស់រុស្ស៉ីចុះខ្សោយ។ បើតាមលោកប្រធានាធិបតីអ៊ុយក្រែន លោកផ្ទាល់ក៏នឹងស្វែងរកផងដែរការអនុញ្ញាតក្នុងការប្រើប្រាស់អាវុធរយៈ ចម្ងាយឆ្ងាយផ្ដល់ដោយលោកខាងលិច ដើម្បីវាយប្រហារលើគោលដៅស្ថិតនៅជ្រៅក្នុងទឹកដីរុស្ស៉ី បូកបន្ថែមការអំពាវនាវឱ្យមានការពង្រឹងឃ្លាំងអាវុធរបស់អ៊ុយក្រែននៅត្រឹមដំណាច់ឆ្នាំនេះ ក្នុងគោលដៅបង្ខំឱ្យរុស្ស៉ីចុះចាញ់។ ប៉ុន្តែ សមាជិក NATO ក្នុងនោះរួមមានទាំងសហរដ្ឋអាមេរិកនៅតែមានការខ្វែងគំនិតគ្នា និងស្ទាក់ស្ទើរក្នុងការវាយប្រហារផ្ដល់ និងអនុញ្ញាតឱ្យទីក្រុងកៀវ ប្រើប្រាស់អាវុធរបស់ពួកគេវាយប្រហារលើទឹកដីរុស្ស៉ី ដោយសារបារម្ភថាវាអាចនឹងត្រូវបានលោក ពូទីន ចាត់ទុកថាជា «ជាការឆ្លងបន្ទាត់ក្រហមរបស់រុស្ស៉ី» ដែលអាចនឹងធ្វើឱ្យពួកគេក្លាយជា គោលដៅវាយប្រហាររបស់រុស្ស៉ី។

* កិច្ចចរចា៖ សម្រាប់ទាំងរុស្ស៉ី និងអ៊ុយក្រែន ជ័យជម្នះទាំងស្រុងមើលទៅហាក់ដូចជាស្ថិតនៅលើផ្លូវវែងឆ្ងាយនៅឡើយ។ លោកស្រី Barbieri យល់ថា ខណៈរុស្ស៉ីប្រឈមមុខនឹងការវាយលុក របស់អ៊ុយក្រែនលើតំបន់ Kursk ហើយការកែនកងទ័ពថ្មីបន្ថែមអាចនឹងបង្កការខឹងសម្បារនៅក្នុងចំណោមប្រជាជនរុស្ស៉ី ការគំរាមបង្វែរកាណុងអាវុធនុយក្លេអ៊ែរទៅកាន់លោកខាងលិច គឺជាអាវុធ សម្ងាត់ចុងក្រោយមួយរបស់លោក ពូទីន។ លោកស្រី Barbieri បន្ថែមថាគោលដៅរបស់លោក ហ្សេលេនស្គីបច្ចុប្បន្ន គឺបើកចំហលទ្ធភាពនៃការរៀបចំកិច្ចចរចាការទូត ក្នុងឆ្នាំ២០២៥ តាមរយៈ ការពង្រឹកគោលជំហរនៅឯតុចរចាជាមុនសិន។ អ៊ុយក្រែនក៏កាន់តែបើកចំហចំពោះកិច្ចចរចាសន្តិភាពផងដែរ។ កាលពីខែកុម្ភៈ ឆ្នាំ២០២៣ ៨០ភាគរយនៃប្រជាជនអ៊ុយក្រែនគិតថារដ្ឋាភិបាល របស់ពួកគេមិនគួរធ្វើការសម្រុះសម្រួលណាមួយនៅក្នុងកិច្ចចរចានោះទេ ហើយថាអ៊ុយក្រែនគួរតែបន្តប្រយុទ្ធរហូតដល់ទីបំផុត ឆ្ពោះទៅរកជ័យជម្នះ។ នេះបើតាមទិន្នន័យផ្ដល់ដោយស្ថាប័ន Mobilise Project។ ប៉ុន្តែមកដល់ខែឧសភា ឆ្នាំ២០២៤ តួលេខនេះបានធ្លាក់មកនៅត្រឹម៥៨ភាគរយ។ លោកស្រី Olga Onuch ជាប្រធានគម្រោងរបស់ Mobilise Project បាននិយាយថា «នៅពេលនិយាយដល់បញ្ហាដែលត្រូវលើកយកទៅចរចា បញ្ហាទាំងអស់គឺមានភាពចម្រូងចម្រាស ប្រសិនបើអ្នកជាជនជាតិអ៊ុយក្រែន»។ ជាឧទាហរណ៍៖ រឿងសម្បទានទឹកដី គឺជារឿង ដ៏ចម្រូងចម្រាសជាទីបំផុត។ ជិត៤០ភាគរយនៃប្រជាជនអ៊ុយក្រែនសុទ្ធតែមានមិត្តភក្តិជិតស្និទ្ធ និងសាច់ញាតិ ឬក្រុមគ្រួសាដែលកំពុងរស់នៅក្នុងទឹកដីអ៊ុយក្រែនគ្រប់គ្រងដោយរុស្ស៉ី ដូច្នេះបញ្ហា សម្បទានទឹកដី វាមានជាប់ពាក់ព័ន្ធខ្លាំងបំផុតទៅនឹងទស្សនៈផ្ទាល់ខ្លួន។

តែទោះជាយ៉ាងនេះក្ដី វានៅមានរឿងជាច្រើនទៀតដែលអាចក្លាយជាប្រធានបទដាក់នៅលើតុចរចាសម្រាប់រុស្ស៉ី នោះគឺ៖ តើនរណាខ្លះត្រូវកាត់ទោសពីបទឧក្រិដ្ឋកម្មសង្រ្គាម ឬក៏កាត់ទោសក្រោម ទម្រង់បែបណា? តើនឹងមានអ្វីកើតឡើងចំពោះបណ្ដាក្រុមហ៊ុនរុស្ស៉ី? តើនឹងមានអ្វីកើតឡើងចំពោះទ្រព្យសម្បត្តិរុស្ស៉ីនៅបរទេស? បញ្ហាទាំងអស់នេះមានបញ្ហាមួយចំនួនអាចដាក់លើតុពិភាក្សា គ្នាបាន។

* ឈប់ ឬបន្តបាញ់គ្នាតទៅទៀត?
មិនថាជាកិច្ចចរចាសន្តិភាព ឬកិច្ចចរចាស្ដីពីបទឈប់បាញ់ មើលទៅហាក់ដូចជានៅឆ្ងាយខ្លាំងណាស់។ វាមិនមានការធានានោះទេថាផែនការជ័យជម្នះរបស់លោក ហ្សេលេនស្គី នឹងទាក់ទាញ ឬបញ្ចុះបញ្ចូលឱ្យលោកខាងលិចធ្វើសកម្មភាពផ្ដាច់ព្រ័ត្ត ឬម៉ឺងម៉ាត់ ជាពិសេសនៅពេលត្រូវប្រឈមមុខជាមួយការសម្លុតគំរាមសងសឹកដោយប្រើប្រាស់អាវុធនុយក្លេអ៊ែរពីសំណាក់លោក ពូទីន។

លោកស្រី Barbieri បាននិយាយថាលោកខាងលិចតែងតែបរាជ័យក្នុងការទប់ស្កាត់ការឈ្លានពានរបស់រុស្ស៉ី ដោយប្រើវិធីសាមញ្ញ។ បើតាមអ្នកជំនាញរូបនេះ រដ្ឋាភិបាលលោកខាងលិចមាន ការព្រួយបារម្ភខ្លាំងជ្រុលពេកចំពោះ «បន្ទាត់ក្រហមរបស់រុស្ស៉ី» រហូតដល់ភ្លេច «គូសបន្ទាត់ក្រហមរបស់ខ្លួនឯង»។ ដោយឡែក លោក David Blagden ជាអ្នកជំនាញម្នាក់ខាងសន្តិសុខអន្តរជាតិ មកពីសាកលវិទ្យាល័យ University of Exeter យល់ថា ក្នុងពេលបច្ចុប្បន្នភាគីនីមួយៗនៅតែគិតថាខ្លួនអាចនឹងធ្វើឱ្យស្ថានការណ៍ប្រសើរឡើងវិញ ដោយការបន្តការប្រយុទ្ធគ្នាតទៅទៀត ពោលគឺ ទាំងរុស្ស៉ី និងអ៊ុយក្រែន មានហេតុផលរៀងៗខ្លួននៃការភ័យខ្លាចថាប្រសិនបើពួកគេបញ្ឈប់ការប្រយុទ្ធ នោះសត្រូវរបស់ពួកគេនឹងកាន់តែខ្លាំង ហើយមានប្រៀបជាង»។

រុស្ស៉ីអាចកំពុងជឿថាខ្លួនអាចរក្សាភាពរីកចម្រើននៅក្នុងតំបន់ភាគខាងកើតអ៊ុយក្រែន តែក៏ភ័យដែរថាទីក្រុងកៀវអាចនឹងប្រើឱកាសក្នុងការប្រមូលផ្ដុំកងទ័ពឡើងវិញ ដើម្បីទទួលបានជំនួយអាវុធ ថ្មីៗបន្ថែមពីលោកខាងលិច ឬក៏ក្លាយជាសមាជិក NATO តែម្ដង មុននឹងព្យាយាមវាយបកបណ្ដេញកងទ័ពរុស្ស៉ីចេញពីអ៊ុយក្រែន។ ចំណែក អ៊ុយក្រែនវិញក៏ជឿដែរថាខ្លួនអាចបង្កើនការដាក់សម្ពាធ លើរុស្ស៉ី ប្រសិនបើអាចទទួលបានការអនុញ្ញាតប្រើអាវុធ NATO កាន់តែទូលំទូលាយជាងមុន តែភ័យថារុស្ស៉ីអាចនឹងប្រើប្រាស់បទឈប់បាញ់ ឬការផ្អាកការប្រយុទ្ធជាបណ្ដោះអាសន្នណាមួយ ដើម្បី ប្រមូលកម្លាំងទ័ពមកវិញ មុននឹងបើកការវាយលុកថ្មីបន្ថែម។

សម្រាប់អ្នកជំនាញលោកខាងលិចខ្លះ បើទោះជាលោក ដូណាល់ ត្រាំ ទទួលបានជ័យជម្នះក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកនៅខែវិច្ឆិកាខាងមុខក៏ដោយ ក៏មិនប្រាកដថាសង្រ្គាមអ៊ុយក្រែន នឹងត្រូវបិទបញ្ចប់នោះដែរ៕