(ប៉េកាំង)៖ កាលពីថ្ងៃទី២៥ ខែកញ្ញា លោក Lin Jian អ្នកនាំពាក្យក្រសួងការបរទេសចិន បានធ្វើជាអធិបតីសន្និសីទសារព័ត៌មាន ជាប្រចាំ។ មានអ្នកសារព័ត៌មានសួរថា កាលពីថ្ងៃទី២៤ ខែកញ្ញា ក្នុងកិច្ចប្រជុំលើកទី៥៧ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ប្រទេសចំនួនជាង១០០ បានបញ្ចេញមតិយ៉ាងសកម្ម ដើម្បីគាំទ្រគោលជំហររបស់ភាគីចិន លើបញ្ហាពាក់ព័ន្ធនឹងភូមិភាគស្វយ័ត Xinjiang តំបន់រដ្ឋបាលពិសេសហុងកុង និងភូមិភាគស្វយ័ត Xizang ក៏ដូចជាប្រឆាំងនឹងការធ្វើនយោបាយនីយកម្មបញ្ហាសិទ្ធិមនុស្ស។ សូមសួរថា តើភាគីចិនមានការអត្ថាធិប្បាយយ៉ាងណាចំពោះរឿងនេះ?

លោក Lin Jian បានថ្លែងថា ក្នុងកិច្ចប្រជុំលើកទី៥៧ នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ប្រទេសភាគតិច ដូចជាសហរដ្ឋអាមេរិកជាដើម បានថ្លែងសុន្ទរកថា វាយប្រហារនិងមួលបង្កាច់សភាពការណ៍សិទ្ធិមនុស្សរបស់ចិន ។ អំពីករណីនេះ ប្រទេសជាង១០០ បានបង្ហាញអាកប្បកិរិយាគាំទ្រគោលជំហរសច្ចធម៌របស់ភាគីចិន តាមរយៈវិធីខុសៗគ្នាដូចជាថ្លែងសុន្ទរកថារួម និងថ្លែងសុន្ទរកថាដោយឡែកជាដើម ដើម្បីប្រឆាំងនឹងការធ្វើនយោបាយនីយកម្មបញ្ហាសិទ្ធិមនុស្ស។

ភាគីចិនដាស់តឿនភាគីអាមេរិកឱ្យពិចារណាពីកំហុសរបស់ខ្លួន យ៉ាងជ្រាលជ្រៅនិងដោះស្រាយយ៉ាងប្រាកដប្រជា នូវបញ្ហាសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងររបស់ខ្លួន ធានាជាក់ស្តែងនូវសិទ្ធិមនុស្ស របស់ប្រជាពលរដ្ឋ នៃប្រទេសខ្លួន បញ្ឈប់ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង របស់ប្រទេសដទៃទៀត ហើយចូលរួមកិច្ចសហប្រតិបត្តិការខាងសិទ្ធិមនុស្សអន្តរជាតិ ប្រកបដោយលក្ខណៈស្ថាបនា៕

វិទ្យុមិត្តភាពកម្ពុជាចិន