(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ មន្រ្តីជាន់ខ្ពស់ការពារជាតិអាមេរិកម្នាក់ បានអះអាងថា ទីក្រុងប៉េកាំង បានព្យាយាមលាក់បាំង ឧប្បត្តិហេតុលិចនាវាមុជទឹក ដើរដោយថាមពលនុយក្លេអ៊ែរថ្មីបំផុត របស់ចិន។ នេះបើតាមការចេញផ្សាយ ដោយទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃសុក្រ ទី២៧ ខែកញ្ញា ឆ្នាំ២០២៤។
ការលិចនាវាមុជទឹកខាងលើ ត្រូវកាសែតអាមេរិក Wall Street Journal រាយការណ៍ថា បានកើតឡើង នៅឯកំពង់ផែ នៃកន្លែងសាងសង់នាវាមួយកន្លែង ក្បែរទីក្រុង Wuhan កាលពីអំឡុងចុងខែឧសភា ឬដើមខែមិថុនា ឆ្នាំនេះ។ រីឯមន្រ្តីជាន់ខ្ពស់ការពារជាតិអាមេរិក បាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញអត្តសញ្ញាណថា «វាគ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលឡើយ ដែលកងទ័ពជើងទឹកចិន នឹងព្យាយាមលាក់បាំងការពិតដែលថា នាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរស៊េរីថ្មីបំផុត របស់ពួកគេ បានលិចទាំងកំពុងស្ថិតនៅកំពង់ផែ»។ បើតាម Wall Street Journal ក៏មានរូបភាពផ្កាយរណប បង្ហាញពីសកម្មភាពគ្រឿងស្ទូចអណ្តែតទឹកធំៗ ស្ថិតនៅកន្លែងកើតហេតុ ដើម្បីព្យាយាមស្រោចស្រង់នាវាមុជទឹកដែលលិច នោះផងដែរ។
គួរបញ្ជាក់ថា បើជាការពិត ហេតុការណ៍ខាងលើ គឺជាបរាជ័យមួយសម្រាប់ចិន ដែលបាននិងកំពុងព្យាយាមធ្វើទំនើបកម្ម កងទ័ពជើងទឹករបស់ខ្លួន ដែលជាទ័ពជើងទឹកធំបំផុត នៅលើពិភពលោក។ នៅពេលត្រូវបានសាកសួរ អំពីរឿងលិចនាវាមុជទឹក នាថ្ងៃសុក្រនេះ ក្រសួងការបរទេសចិន បានឆ្លើយតបថា ខ្លួនមិនបានដឹងលឺអ្វីអំពីឧប្បត្តិហេតុពាក់ព័ន្ធនឹងនាវាមុជទឹកនោះឡើយ៕