(ឡាហាវ៉ា)៖ តាមការបង្ហោះសាររបស់ប្រធានាធិបតីគុយបា នៅលើបណ្តាញសង្គម X អំឡុងពេលមកកាន់គុយបា ប្រធានាធិបតីវៀតណាម បានលើកឡើងពីទំនាក់ទំនងមិត្តភាព និងសាមគ្គីភាពមិនប្រែប្រួល រវាងប្រទេសទាំង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៧ ខែកញ្ញា ឆ្នាំ ២០២៤។
ប្រធានាធិបតីគុយបា លោក Miguel Díaz-Canel និងប្រធានាធិបតីវៀតណាម លោក To Lam បានទៅទស្សនា កំពង់ផែពាណិជ្ជកម្ម Mariel ដែលជាតំបន់ពាណិជ្ជកម្មសេរីមួយ ស្ថិតនៅចម្ងាយប្រហែល ៦០គីឡូម៉ែត្រ ពីរដ្ឋធានីឡាហាវ៉ាន និងជាកន្លែងដែលក្រុមហ៊ុនវៀតណាមជាច្រើន កំពុងដំណើរការនៅទីនោះ។ ថ្លែងទៅកាន់គណៈប្រតិភូពាណិជ្ជករវៀតណាម លោក Lam គូសបញ្ជាក់ថា «វៀតណាមចង់ឱ្យគុយបា បន្តការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងមានសមត្ថភាពគ្រប់គ្រាន់ លើគ្រប់វិស័យ ហើយជម្នះបាននូវរាល់ការលំបាក»។
កិច្ចព្រមព្រៀងទ្វេភាគីមួយចំនួន ត្រូវបានចុះហត្ថលេខាអំឡុងទស្សនកិច្ចនេះផងដែរ ជាពិសេសពាក់ព័ន្ធនឹងវិស័យសុខាភិបាល កសិកម្ម។ កម្មវិធីផលិតស្រូវដោយប្រើគ្រាប់ពូជកូនកាត់ នាំចូលពីប្រទេសក្នុងតំបនអាស៉ី ក៏ត្រូវបានប្រកាសផងដែរ។
គួរបញ្ជាក់ថា ពាណិជ្ជកម្មទ្វេភាគីគុយបា-វៀតណាម មានតម្លៃប្រហែល ៣៤០លានដុល្លារ។ តាមមជ្ឈមណ្ឌល សម្រាប់ការស្រាវជ្រាវ គោលនយោបាយអន្តរជាតិរបស់គុយបា (Cuban Center for International Politics Research) វៀតណាមគឺជាអ្នកនាំចេញអង្ករ ធ្យូងថ្ម សារធាតុគីមី ផលិតផលវាយនភណ្ឌ និងអេឡិចត្រូនិក មកកាន់គុយបា ហើយជាអ្នកនាំចូលផលិតផលឱសថពីគុយបាវិញ៕