(ញូវយ៉ក)៖ លោក ដូណាល់ ត្រាំ បាននិយាយថាលោកនឹងជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី នៅថ្ងៃសុក្រ ទី២៧ ខែកញ្ញានេះ (ម៉ោងនៅញូវយ៉ក) មួយថ្ងៃបន្ទាប់ពីបេក្ខជនប្រធានាធិបតីអាមេរិកមកពីគណបក្សសាធារណរដ្ឋរូបនេះបានរិះគន់មេដឹកនាំអ៊ុយក្រែនសម្រាប់ការបដិសេធចុះកិច្ចព្រមព្រៀងជាមួយរុស្ស៉ី ដើម្បីបញ្ចប់សង្រ្គាម នៅអ៊ុយក្រែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
លោក ដូណាល់ ត្រាំ បានប្រាប់ក្រុមអ្នកសារព័ត៌មាន ក្នុងទីក្រុងញូវយ៉ក កាលពីថ្ងៃព្រហស្បតិ៍ ដូច្នេះថា «លោកប្រធានាធិបតី ហ្សេលេនស្គី បានស្នើសុំជួបជាមួយខ្ញុំ ហើយខ្ញុំនឹងជួបគាត់ នៅថ្ងៃស្អែក (ថ្ងៃសុក្រ) នៅម៉ោង ៩៖៤៥នាទីព្រឹក នៅឯអគារ Trump Tower»។ ការកត់សម្គាល់បែបនេះរបស់លោក ត្រាំ ធ្វើឡើងក្រោយមានសេចក្ដីរាយការណ៍ថាលោកមិនមាន គម្រោងជួបជាមួយលោក ហ្សេលេនស្គីនោះទេ និងបន្ទាប់ពីលោក ហ្សេលេនស្គីបានជួបលោក ចូ បៃដិន និងលោកស្រី កាម៉ាឡា ហារីស បេក្ខជនប្រធានាធិបតីអាមេរិកមកពី គណបក្សប្រជាធិបតេយ្យ នៅឯសេតវិមានកាលពីថ្ងៃព្រហស្បតិ៍។
នៅចំពោះមុខអ្នកសារព័ត៌មាន លោក ដូណាល់ ត្រាំ ក៏បាននិយាយដែរថាលោកមិនពេញចិត្តនោះទេ ចំពោះការអត្ថាធិប្បាយរបស់លោក ហ្សេលេនស្គី ទៅកាន់ទស្សនាវដ្ដី New Yorker កាលពីពេលថ្មីៗនេះដោយលើកឡើងថាលោកផ្ទាល់ជឿថាលោក ត្រាំ ពិតជាមិនដឹងថាតើត្រូវបញ្ចប់សង្រ្គាមអ៊ុយក្រែនដោយរបៀបណានោះទេ។ នៅពេលត្រូវបានសាកសួរពីការអត្ថាធិប្បាយ របស់លោក ហ្សេលេនស្គី លោក ត្រាំ បានឆ្លើយថា «លោកពិតជាមានការខ្វែងគំនិតគ្នាជាមួយលោក ហ្សេលេនស្គី ហើយថាប្រធានាធិបតីអ៊ុយក្រែនរូបនេះមិនស្គាល់រូបលោកឡើយ»។ បើតាមលោក ត្រាំ លោកជឿជាក់ថាខ្លួនឯងមានសមត្ថភាពសម្រេចបាននូវកិច្ចព្រមព្រៀងមួយដើម្បីបញ្ចប់សង្រ្គាមនៅអ៊ុយក្រែន៕