(វ៉ាស៊ីនតោន)៖ ក្រុមមន្ត្រីអាមេរិក បានឱ្យដឹងថាអ្នកទោសជាបុរសម្នាក់ត្រូវបានប្រហារជីវិតដោយការចាក់ថ្នាំសម្លាប់ កាលពីថ្ងៃព្រហស្បតិ៍ ទី២៦ ខែកញ្ញា នៅក្នុងរដ្ឋ Oklahoma ខណៈរដ្ឋ Alabama ក៏បានប្រហារជីវិតអ្នកទោសជាបុរសម្នាក់ផងដែរដោយការចាក់ឧស្ម័ននីត្រូហ្សែន ហើយនេះជាលើកទី២ដែលវិធីសាស្ត្រចាក់ឧស្ម័ននីត្រូហ្សែនប្រហារជីវិត ត្រូវបានប្រើប្រាស់នៅក្នុងសហរដ្ឋអាមេរិក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។
ការប្រហារជីវិតអ្នកទោសទាំង២នាក់ខាងលើ បានធ្វើឱ្យចំនួនអ្នកទោសដែលត្រូវបានប្រហារជីវិតនៅក្នុងសហរដ្ឋអាមេរិក នៅឆ្នាំ២០២៤នេះកើនដល់ ១៨នាក់ ក្នុងនោះមាន៥នាក់ ត្រូវបានប្រហារជីវិតក្នុងរយៈពេល៥សប្ដាហ៍កន្លងមកនេះ។ តាមក្រុមមន្ត្រីអាមេរិក អ្នកទោសឈ្មោះ Emmanuel Littlejohn មានអាយុ ៥២ឆ្នាំ ត្រូវបានប្រហារជីវិតដោយការចាក់ថ្នាំ សម្លាប់ នៅក្នុងរដ្ឋ Oklahoma សម្រាប់ការសម្លាប់ជនរងគ្រោះម្នាក់ឈ្មោះ Kenneth Meers មានអាយុ៣១ឆ្នាំ អំឡុងធ្វើសកម្មភាពប្លន់នៅក្នុងហាងទំនិញមួយក្នុងឆ្នាំ១៩៩២។
ចំណែក នៅឯរដ្ឋ Alabama ឈ្មោះ Alan Miller មានអាយុ៥៩ឆ្នាំ ដែលត្រូវបានតុលាការផ្តន្ទាទោសប្រហារជីវិតកាលពីឆ្នាំ១៩៩៩ ក្នុងអំពើឃាតកម្មលើមនុស្ស ៣នាក់ ត្រូវបាន ប្រហារជីវិតដោយការចាក់ឧស្ម័ននីត្រូហ្សែន។
គួរបញ្ជាក់ថា ការប្រើប្រាស់ឧស្ម័ននីត្រូហ្សែន ដើម្បីប្រហារជីវិតអ្នកទោសនៅក្នុងរដ្ឋ Alabama គឺជាវិធីសាស្ត្រប្រហារជីវិតដ៏ចម្រូងចម្រាសមួយ ដែលត្រូវបានក្រុមអ្នកធ្វើការពាក់ព័ន្ធ នឹងសិទ្ធិមនុស្សរិះគន់ថាមានលក្ខណៈដូចជាការធ្វើទារុណកម្មធ្ងន់ធ្ងរខ្លាំងពេក។ រដ្ឋ Alabama ក៏ធ្លាប់បានប្រហារជីវិតអ្នកទោសដោយការចាក់ឧស្ម័ននីត្រូហ្សែនផងដែរ កាលពី ខែមករា ដើមឆ្នាំកន្លងទៅនេះ។ ការអនុវត្តទោសប្រហារជីវិតអ្នកទោសត្រូវបានលុបចោលនៅក្នុងរដ្ឋចំនួន ២៣ ក្នុងចំណោមរដ្ឋទាំង ៥០របស់សហរដ្ឋអាមេរិក៕