(តៃប៉ិ តៃវ៉ាន់)៖ ចិន កាលពីថ្ងៃពុធ ទី២៥ ខែកញ្ញា បានបាញ់សាកល្បងមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM មួយគ្រាប់ចូលក្នុងមហាសមុទ្រប៉ាស៊ីហ្វិក នៅចំពោះមុខភាពតានតឹងក្នុង តំបន់ជាទីដែលប្រទេសជាច្រើនកំពុងមានជម្លោះទឹកដី ហើយទាំងប៉េកាំង និងវ៉ាស៊ីនតោនកំពុងប្រជែងដណ្ដើមឥទ្ធិពលគ្នា។ តាមសេចក្ដីថ្លែងការណ៍មួយរបស់ក្រសួងការពារជាតិចិន ការធ្វើតេស្តមីស៊ីលនេះជាផ្នែកមួយនៃការហ្វឹកហ្វឺនតាមទម្លាប់ជាធម្មតារបស់កងកម្លាំងរ៉ុក្កែត នៃកងទ័ពរំដោះប្រជាជនចិន PLA និងមិនមានគោលដៅលើប្រទេសណាមួយឡើយ។
ក្រសួងការពារជាតិចិន បន្ថែមថាមីស៊ីល ICBM ខាងលើដែលត្រូវបានបំពាក់ជាមួយក្បាលគ្រាប់សិប្បនិម្មិត បានធ្លាក់ចំគោលដៅដែលត្រូវបានកំណត់ទុកនៅក្នុងដែនទឹកអន្តរជាតិ នៃមហាសមុទ្រប៉ាស៊ីហ្វិក តែមិនបានបញ្ជាក់ថាគោលដៅនោះស្ថិតនៅត្រង់ណាឱ្យប្រាកដនោះទេ។ ចិនកម្រធ្វើតេស្តបាញ់មីស៊ីលនៅក្នុងដែនទឹកអន្តរជាតិណាស់ ដោយក្នុងនោះ អ្នកជំនាញខ្លះនិយាយថាការធ្វើតេស្ដមីស៊ីលក្នុងដែនទឹកអន្តរជាតិចុងក្រោយបំផុតរបស់ចិន ធ្វើឡើងកាលពីខែឧសភា ឆ្នាំ១៩៨០ ជាពេលទីក្រុងប៉េកាំងបានបាញ់មីស៊ីល DF-5 ចូលក្នុងដែនទឹកនៃតំបន់ប៉ាស៊ីហ្វិកខាងត្បូង។ ជាធម្មតា PLA ដឹកនាំការធ្វើតេស្តបាញ់មីស៊ីលបាលិស្ទីគតែនៅក្នុងតំបន់ Xinjiang ឬសមុទ្រ Bohai Sea តែប៉ុណ្ណោះ។
* ដូច្នេះហេតុអ្វីចិនជ្រើសរើសយកមហាសមុទ្រប៉ាស៊ីហ្វិក ហើយហេតុអ្វីត្រូវធ្វើតេស្ដក្នុងពេលនេះ?
ក្រុមអ្នកជំនាញបាននិយាយថាការជ្រើសរើសរបស់ចិន យកមហាសមុទ្រប៉ាស៊ីហ្វិកជាកន្លែងធ្វើតេស្ដមីស៊ីល គឺអាចមានចេតនា២ធំៗ ទីមួយគឺចង់បង្ហាញពីការកើនឡើងសមត្ថភាពនុយក្លេអ៊ែររបស់ខ្លួន និងទី២ ជាសារព្រមានមួយទៅកាន់សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តរបស់អាមេរិកនៅក្នុងតំបន់។ ការតេស្ដមីស៊ីល ក៏កើតឡើងផងដែរតែប៉ុន្មានសប្ដាហ៍ទៀតប៉ុណ្ណោះ មុននឹងមាន កិច្ចពិភាក្សាតាមទូរស័ព្ទរវាងលោកប្រធានាធិបតីចិន ស៊ី ជីនពីង និងប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ព្រមទាំងចំពេលចិនកំពុងមានភាពតានតឹងផ្នែកសន្តិសុខជាមួយជប៉ុន និងហ្វីលីពីនដែលសុទ្ធសឹងជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ក៏ដូចជាក្នុងបរិបទនៃភាពតានតឹងជាមួយតៃវ៉ាន់។
ក្រសួងការពារជាតិតៃវ៉ាន់ កាលពីថ្ងៃពុធ បាននិយាយថាខ្លួនបានតាមដានយ៉ាងយកចិត្តទុកដាក់ចំពោះការធ្វើតេស្ដមីស៊ីលរបស់ចិន រួមជាមួយការធ្វើសមយុទ្ធយោធាដទៃទៀតរបស់ចិន នៅក្នុងតំបន់។ លោក Drew Thompson ជាអ្នកវិភាគជាន់ខ្ពស់ម្នាក់មកពីសាកលវិទ្យាល័យ S. Rajaratnam School of International Studies មានមូលដ្ឋានក្នុងប្រទេសសិង្ហបុរី យល់ថា ការធ្វើតេស្ដមីស៊ីលរបស់ចិនដែលធ្វើឡើងចំពេលមេដឹកនាំពិភពលោកកំពុងចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក គឺជាការបញ្ជូនសារទៅកាន់ ពិភពលោកឱ្យដឹងថា «ចិនកំពុងបង្ហាញថាការអត់ធ្មត់របស់ខ្លួនមានព្រំដែនកំណត់ ហើយកំពុងត្រៀមលក្ខណៈជាស្រេចក្នុងការប្រើប្រាស់អាវុធដ៏មានឥទ្ធិពលបំផុតរបស់ខ្លួនដើម្បីកំញើញសត្រូវ ឬដាក់ទណ្ឌកម្មលើពួកគេ នៅក្នុងករណីចាំបាច់»។
ការធ្វើតេស្ដមីស៊ីលកាលពីថ្ងៃពុធ ក៏កើតឡើងផងដែរក្រោយមន្ត្រីជាន់ខ្ពស់ចិនជាច្រើនរូបត្រូវបានចាប់ខ្លួន ឬត្រូវបណ្ដេញចេញពីតំណែងក្នុងរឿងអាស្រូវពុករលួយ ហើយដែលការបាញ់ មីស៊ីលនេះអាចជាការបញ្ជូនសារធានាមួយទៅកាន់ប្រជាជនចិន និងទៅកាន់ពិភពលោកថាបញ្ហាត្រូវបានដោះស្រាយរួចហើយ។
* តើយោធាចិនខ្លាំងប៉ុនណា?
ចិនត្រូវបានរាយការណ៍ជាប្រទេសមានចំនួនកងទ័ពច្រើនជាងគេបំផុតនៅក្នុងពិភពលោក ហើយក៏មានកងទ័ពជើងទឹកធំជាងគេបំផុតដែរ។ ចំណែកឯ កញ្ចប់ថវិកាយោធាវិញគឺជាប់ ចំណាត់ថ្នាក់ទី២ បន្ទាប់ពីសហរដ្ឋអាមេរិក។ បើតាមយោធាអាមេរិក ចិនថែមទាំងមានទៀតផងកងទ័ពអាកាសធំជាងគេនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ដោយមានសុទ្ធតែយន្ដហោះចម្បាំង ទំនើបៗជំនាន់ទី៤ និងទី៥។ ក្រៅពីនេះ ចិននៅតែមានឃ្លាំងស្ដុកមីស៊ីលដ៏ធំ រួមជាមួយយន្ដហោះចម្បាំងបំបាំងកាយ យន្ដហោះមានសមត្ថភាពទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ នាវាផ្ទុកយន្ដហោះចម្បាំង និងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ។ ក្រោមការកាន់អំណាចច្រើនជាងមួយទសវត្សរ៍មកនេះ លោក ស៊ី ជីនពីងដែលជាប្រធានគណ:កម្មការយោធាមជ្ឈិមផងនោះ បានដាក់បញ្ជាឱ្យយោធាចិនធ្វើទំនើបកម្មកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន ជាមួយការវិនិយោគលើបច្ចេកវិទ្យាយោធាកម្រិតខ្ពស់រាប់ចាប់យន្ដហោះចម្បាំងបំបាំងកាយ រហូតដល់នាវាផ្ទុកយន្ដហោះចម្បាំង និងពង្រីកឃ្លាំងអាវុធនុយក្លេអ៊ែរ។ មន្ទីរបញ្ចកោណរបស់សហរដ្ឋអាមេរិកបានឱ្យដឹងថាចិនមានក្បាលគ្រាប់នុយក្លេអ៊ែរជាង ៥០០គ្រាប់ គិតត្រឹម ខែឧសភា ឆ្នាំ២០២៣ ហើយមានផែនការបង្កើនការផលិតឱ្យដល់ ១០០០គ្រាប់ នៅឆ្នាំ២០៣០។ ចិនមិនដែលបានបង្ហើបឱ្យដឹងពីទំហំឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួនោះទេ ខណៈបើធ្វើការប្រៀបធៀប រុស្ស៉ីមានក្បាលគ្រាប់នុយក្លេអ៊ែរ ៥ ៥៨០គ្រាប់ រីឯសហរដ្ឋអាមេរិក ៥ ០៤៤គ្រាប់។
គួរបញ្ជាក់ថា នៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ប្រទេសតិចណាស់ដែលមានមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM ហើយជាទូទៅ ការធ្វើតេស្ដ តែងតែកំណត់នៅក្នុងទឹកដីរបស់ពួកគេប៉ុណ្ណោះ។ តួយ៉ាង កូរ៉េខាងជើង បានធ្វើតេស្ដបាញ់មីស៊ីល ICBM ជាច្រើនលើកចាប់តាំងពីឆ្នាំ២០១៧មក ក្នុងនោះរួមមានទាំងការធ្វើតេស្ដមីស៊ីលដំណើរការដោយឥន្ធនៈរឹង កាលពីខែធ្នូ ឆ្នាំ២០២៣ ដែលបាន ធ្លាក់នៅក្នុងដែនទឹកចន្លោះឧបទ្វីបកូរ៉េ និងជប៉ុន។ វ៉ាស៊ីនតោនវិញ កាលពីដើមឆ្នាំ២០២៤នេះ បានធ្វើតេស្ដបាញ់មីស៊ីល ICBM ២គ្រាប់ ដោយបាញ់ចេញពីរដ្ឋ California ទៅធ្លាក់ចំ គោលដៅដែលបានកំណត់នៅឯកន្លែងធ្វើតេស្តមួយរបស់សហរដ្ឋអាមេរិក លើកោះ Marshall Islands៕