(បេរូត)៖ នាយករដ្ឋមន្រ្តីនៃប្រទេសលីបង់ លោក Najib Mikati បានសម្តែងក្តីសង្ឃឹមថា បទឈប់បាញ់មួយនឹងអាចសម្រចបាន នៅក្នុងពេលឆាប់ៗ ដើម្បីបញ្ឈប់ការប្រយុទ្ធគ្នារវាងអ៉ីស្រាអែល និងក្រុមហេសបូឡាគាំទ្រដោយអ៉ីរ៉ង់ ដែលកំពុងកើនឡើងយ៉ាងខ្លាំង ព្រមជាមួយនិងក្តីបារម្ភលទ្ធភាពបើកការវាយលុកថ្មើរជើង។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែកញ្ញា ឆ្នាំ ២០២៤។

សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងបណ្ដាប្រទេសអារ៉ាប់ជាច្រើន បានអំពាវនាវឱ្យមានបទឈប់បាញ់ នៅទូទាំងព្រំដែនអ៉ីស្រាអែល-លីបង់។ លោក Mikati បានស្វាគមន៍បទឈប់បាញ់នេះ ប៉ុន្តែនិយាយថា គន្លឹះនៃការអនុវត្ត គឺអាស្រ័យលើអ៉ីស្រាអែល ដែលកំពុងចល័តទ័ពទៅជិតលីបង់ ថាប្តេជ្ញាអនុវត្តដំណោះស្រាយអន្តរជាតិដែរឬទេ។ នៅពេលត្រូវបានសួរថា តើបទឈប់បាញ់មួយនឹងអាចសម្រេចបាន ក្នុងពេលឆាប់ៗនេះទេ? លោក Mikati បានប្រាប់ Reuters ថា «សង្ឃឺមថាពិតជាអាចទៅរួច»។

គួរបញ្ជាក់ថា នៅក្រោមរដ្ឋាភិបាលចាំផ្ទះ របស់លោកនាយករដ្ឋមន្រ្តី Mikati រួមទាំងក្រុមរដ្ឋមន្រ្តីដែលត្រូវបានជ្រើសរើស ដោយហេសបូសឡា មានការមើលឃើញយ៉ាងទូលំទូលាយថា ក្រុមហេសបូឡាគឺជាកម្លាំងនយោបាយដ៏មានឥទ្ធិពលបំផុត នៅក្នុងប្រទេសលីបង់។ តាមក្រុមមន្រ្តីនៃរដ្ឋបាលលោក បៃដិន បទឈប់បាញ់រយៈពេល ២១ថ្ងៃដែលបានស្នើឡើងរួមគ្នា ជាមួយសម្ព័ន្ធមិត្ត នៅឯអង្គការសហប្រជាជាតិ (UN) កាលពីថ្ងៃពុធសប្តាហ៍នេះ នឹងអនុញ្ញាតឱ្យគ្រប់ភាគីប្រើប្រាស់កិច្ចចរចា ​ផ្នែកការទូត ដើម្បីដោះស្រាយជម្លោះ៕