Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ប្រមុខយោធាហ្វីលីពីន គាំទ្រវត្តមានជាអចិន្រ្តៃយ៍នៃប្រព័ន្ធមីស៉ីលរបស់អាមេរិក ទោះបីមានការរិះគន់ពីចិន

26-09-2024 13:15

(ម៉ានីល)៖ កាលពីថ្ងៃពុធសប្តាហ៍នេះ ប្រមុខយោធាហ្វីលីពីន លោក Romeo Brawner បានបង្ហាញការគាំទ្រចំពោះ ការដាក់ឈរជើងជាអចិន្រ្តៃយ៍ នៃប្រព័ន្ធមីស៉ីលមួយរបស់សហរដ្ឋអាមេរិក នៅក្នុងប្រទេសរបស់លោក បន្ទាប់ពីចិនបានព្រមានថា ការដាក់ពង្រាយសព្វាវុធនោះ កំពុងបង្កអស្ថិរភាពក្នុងតំបន់ក៏ដោយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី២៦ ខែកញ្ញា ឆ្នាំ២០២៤។

ថ្លែងប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្រៅពិព័រណ៍ការពារជាតិមួយ ក្នុងទីក្រុងម៉ានីល លោក Brawner បាននិយាយដូច្នេះថា «ប្រសិនបើមានជម្រើសនោះ គឺខ្ញុំចង់ឱ្យប្រព័ន្ធមីស៉ីល Typhon ស្ថិតនៅទីនេះ ក្នុងប្រទេសហ្វីលីពីន ជារៀងរហូត ដោយសារតែ​យើងត្រូវការវា សម្រាប់ការការពាររបស់យើង»។ យ៉ាងណាមិញ រដ្ឋមន្រ្តីការពារជាតិហ្វីលីពីន លោក Gilberto Teodoro ដែលមានវត្តមានក្នុងព្រឹត្តិការណ៍ខាងលើដែរនោះ មិនបានបដិសេធ ឬក៏ទទួលស្គាល់ថា ប្រព័ន្ធ Typhon នឹងស្ថិតនៅហ្វីលីពីនជាអចិន្រ្តៃយ៍ដែរ ឬអត់ឡើយ។

យោធាអាមេរិក បានប្រកាសឱ្យដឹង កាលពីខែមេសា ឆ្នាំនេះថា ប្រព័ន្ធមីស៉ីលរយៈចម្ងាយមធ្យម Typhon ១គ្រឿង ត្រូវបានដាក់ពង្រាយ នៅភាគខាងជើងប្រទេសហ្វីលីពីន សម្រាប់ការធ្វើសមយុទ្ធយោធារួមប្រចាំឆ្នាំ ប៉ុន្តែបន្ទាប់ពីសមយុទ្ធបិទបញ្ចប់ទៅ វាមិនទាន់ត្រូវបានដកចេញវិញ នៅឡើយទេ។

គួរបញ្ជាក់ថា វត្តមានប្រព័ន្ធមីស៉ីលអាមេរិកនៅលើទឹកដីហ្វីលីពីន បានបង្កឱ្យចិនមានការខឹងសម្បារ ស្របពេលដែលចិននិង​ហ្វីលីពីន បាននិងកំពុងជួបការប្រឈមមុខដាក់គ្នា កាន់តែកើនឡើង ជុំវិញជម្លោះទឹកដីនៅតំបន់សមុទ្រចិនខាងត្បូង។ កាលពីខែមិថុនា រដ្ឋមន្រ្តីការពារជាតិចិន លោក Dong Jun បានព្រមានថា ការដាក់ពង្រាយប្រព័ន្ធមីស៉ីល Typhon បង្កការប៉ះពាល់ជាខ្លាំង ចំពោះសន្តិសុខនិងស្ថិរភាពក្នុងតំបន់៕