(វ៉ាស៊ីនតោន)៖ មន្ត្រីអាមេរិក២នាក់ បាននិយាយកាលពីថ្ងៃពុធ ទី២៥ ខែកញ្ញា បាននិយាយថាសហរដ្ឋអាមេរិកមានផែនការប្រកាសផ្ដល់កញ្ចប់ជំនួយយោធាថ្មីទំហំ ៨ពាន់លានដុល្លារ សម្រាប់ អ៊ុយក្រែន នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ អំឡុងលោកប្រធានាធិបតី វ៉ូឡូឌីមៀ ហ្សេលេនស្គី ធ្វើទស្សនកិច្ចទៅកាន់ទីក្រុងវ៉ាស៊ីនតោន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
រដ្ឋបាលលោកប្រធានាធិបតី ចូ បៃដិន បានចូលរួមក្នុងកិច្ចពិភាក្សាបន្ទាន់ជាមួយសភាទាំង២ របស់សហរដ្ឋអាមេរិក ជុំវិញការទម្លាក់កញ្ចប់ថវិកា ៥.៦ពាន់លានដុល្លារ ដើម្បីផ្ដល់ជំនួយយោធា ទៅកាន់អ៊ុយក្រែន ឱ្យបានមុនថ្ងៃទី៣០ ខែកញ្ញា ដែលជាកាលបរិច្ឆេទបិទបញ្ចប់ឆ្នាំសារពើពន្ធ។ មន្ត្រីអាមេរិក២នាក់ ខាងលើបានប្រាប់ Reuters ថានៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ សេតវិមាន មានបំណងជូនដំណឹងទៅកាន់សភាអាមេរិក ថាខ្លួននឹងប្រកាសពីការដកអាវុធមានទំហំទឹកប្រាក់ ៥.៦ពាន់លានដុល្លារចេញពីឃ្លាំងអាវុធអាមេរិក។ មិនតែប៉ុណ្ណោះ រដ្ឋបាលលោក បៃដិន ក៏នឹង ប្រកាសផ្ដល់ជំនួយយោធាថ្មីបន្ថែមពីលើ ២.៤ពាន់លានដុល្លារផងដែរ នៅក្រោមកម្មវិធី Ukraine Security Assistance Initiative ដែលអនុញ្ញាតឱ្យសហរដ្ឋអាមេរិកអាចទិញអាវុធដើម្បីបញ្ជូន ទៅឱ្យអ៊ុយក្រែន ជំនួសឱ្យការដកអាវុធចេញពីឃ្លាំង។
នៅក្នុងកញ្ចប់ជំនួយយោធាខាងលើ នឹងមានគ្រាប់រំសេវ អាវុធប្រឆាំងដ្រូន និងបរិក្ខារគាំទ្រដល់ការផលិតគ្រាប់រំសេវ នៅក្នុងប្រទេសអ៊ុយក្រែន។
គួរបញ្ជាក់ថា ចាប់តាំងពីសង្រ្គាមអ៊ុយក្រែន ផ្ទុះឡើងកាលពីខែកុម្ភៈ ឆ្នាំ២០២២មក សភាអាមេរិកបានអនុម័តកញ្ចប់ថវិកាជាង ១៧៥ពាន់លានដុល្លារ ដើម្បីផ្ដល់ជំនួយហិរញ្ញវត្ថុ និងជំនួយ យោធាទៅឱ្យអ៊ុយក្រែន រួមទាំងបណ្ដាប្រទេសជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក ក្នុងតំបន់អឺរ៉ុប៕