(ឡង់ដ៍)៖ ចក្រភពអង់គ្លេសកំពុងបញ្ជូនទាហានប្រមាណ ៧០០ នាក់ទៅកាន់ប្រទេស Cyprus ដើម្បីត្រៀមជម្លៀសពលរដ្ឋអង់គ្លេសចេញពីប្រទេសលីបង់ ខណៈដែលជម្លោះរវាងអ៊ីស្រាអែល និងក្រុមហេសបូឡាកាន់តែក្តៅគគុក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤។

នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បានជំរុញឱ្យពលរដ្ឋអង់គ្លេសចាកចេញពីលីបង់ជាបន្ទាន់ និងអំពាវនាវឱ្យមានបទឈប់បាញ់ភ្លាមៗ និងការចរចាដើម្បីបញ្ចប់ជម្លោះនេះ។ លោកបានសង្កត់ធ្ងន់ទៅកាន់អ្នកសារព័ត៌មានយ៉ាងដូច្នេះថា «វាមានសារៈសំខាន់ខ្លាំងណាស់ដែលពួកគេបានឮសាររបស់ខ្ញុំ ដែលត្រូវចាកចេញជាបន្ទាន់»។

រដ្ឋាភិបាលអង់គ្លេសបានប្រកាសកាលពីល្ងាចថ្ងៃអង្គារថា នឹងបញ្ជូនទាហានចំនួន ៧០០ នាក់ទៅកាន់ប្រទេស Cyprus ដើម្បីបង្កើនវត្តមានយោធារបស់ខ្លួននៅក្នុងតំបន់នោះ។ កងកម្លាំងបន្ថែមនេះនឹងចូលរួមជាមួយកប៉ាល់ Royal Navy ចំនួនពីរគ្រឿង យន្តហោះ និងឧទ្ធម្ភាគចក្រដឹកជញ្ជូន ដែលមានវត្តមានរួចហើយនៅក្នុងតំបន់។

គួរបញ្ជាក់ថា ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅលីបង់ កាលពីដើម្បីសប្តាហ៍នេះ បានបណ្តាលឲ្យមនុស្សស្លាប់យ៉ាងតិច ៥៦៩ នាក់ រួមទាំងកុមារ ៥០ នាក់ និងរបួសជិត ២០០០ នាក់ នេះបើតាមរដ្ឋមន្ត្រីក្រសួងសុខាភិបាលលីបង់។ ជម្លោះនេះក៏បានបង្ខំឲ្យប្រជាជនកន្លះលាននាក់ត្រូវភៀសខ្លួនចេញពីផ្ទះសម្បែង ដោយមនុស្សរាប់ពាន់នាក់កំពុងស្វែងរកកន្លែងជ្រកកោននៅតាមសាលារៀន និងអគារផ្សេងៗ។

ទន្ទឹមនឹងនេះ អ៊ីស្រាអែលបានប្រកាសថា ខ្លួនកំពុងផ្លាស់ប្តូរការផ្តោតអារម្មណ៍យោធាពីតំបន់ហ្គាហ្សា ទៅកាន់ព្រំដែនភាគខាងជើងជាប់លីបង់ ដើម្បីទប់ទល់នឹងការវាយប្រហារដោយគ្រាប់រ៉ុក្កែតពីក្រុមហេសបូឡា។

ការកើនឡើងនៃជម្លោះនេះ បានបង្កើនការភ័យខ្លាចថាសង្គ្រាមនៅមជ្ឈិមបូព៌ាអាចនឹងកាន់តែរីករាលដាល និងធ្វើឱ្យស្ថានការណ៍កាន់តែអស្ថិរភាព៕