(ហ្សេរូសាឡឹម)៖ អ៊ីស្រាអែលបានវាយប្រហារតាមអាកាសលើប្រទេសលីបង់ម្តងទៀត ខណៈដែលក្រុមហេសបូឡាបានបាញ់មីស៊ីលចូលកណ្តាលអ៊ីស្រាអែល ដោយធ្វើឲ្យជម្លោះកាន់តែក្តៅគគុក។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤។

ក្រុមហេសបូឡាបានអះអាងថា ខ្លួនបានកំណត់គោលដៅទីស្នាក់ការចារកម្ម Mossad របស់អ៊ីស្រាអែល ជាមួយនឹងអ្វីដែលខ្លួនបានពិពណ៌នាថាជាមីស៊ីលផ្លោង។ ទោះជាយ៉ាង Reuters មិនអាចបញ្ជាក់ដោយឯករាជ្យអំពីប្រភេទមីស៊ីលដែលត្រូវបានបាញ់នោះទេ។

មេដឹកនាំពិភពលោកបារម្ភពីស្ថានការណ៍ដែលកាន់តែក្តៅគគុក ខណៈចំនួនអ្នកស្លាប់នៅលីបង់កើនឡើង និងជនភៀសខ្លួនកាន់តែច្រើន។ ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលក្នុងសប្តាហ៍នេះ បានកំណត់គោលដៅលើមេដឹកនាំក្រុមហេសបូឡា និងទីតាំងជាច្រើនក្នុងប្រទេសលីបង់។

ការវាយប្រហាររបស់ហេសបូឡានៅព្រឹកថ្ងៃពុធ គឺជាលើកទីមួយដែលមីស៊ីលរបស់ពួកគេត្រូវបានគេឃើញហោះពីលើទីក្រុង Tel Aviv ដែលអាចធ្វើឲ្យអ៊ីស្រាអែលឆ្លើយតបកាន់តែខ្លាំង។ មេដឹកនាំយោធាអ៊ីស្រាអែលបានប្រកាសថា ប្រទេសរបស់លោកបានឈានចូលដំណាក់កាលថ្មីនៃការប្រយុទ្ធ និងត្រូវតែត្រៀមខ្លួនសម្រាប់សកម្មភាពបន្ថែមទៀត៕