(ប៉េកាំង)៖ ព្រឹកថ្ងៃទី ២៣ ខែកញ្ញា នៅវិមានសភាប្រជាជនចិន លោកXi Jinpingអគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិននិងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានថ្លែងសុន្ទរកថាគន្លឹះ ខណៈពេលជួបសំណេះសំណាលជាមួយ តំណាងនៃបុគ្គលិកការងារដែលចូលរួមការងារសិក្សាស្រាវជ្រាវ និងការងារពិសោធន៍របស់បេសកកម្មហោះហើរនៃយានអវកាស ChangE-៦ នៃ វិស្វកម្មស្ទង់រុករកភពព្រះចន្ទ។

លោកបានគូសបញ្ជាក់ថា សមិទ្ធផលនៃវិស្វកម្មស្ទង់រុករកភពព្រះចន្ទ បានបង្កប់នូវតម្រិះប្រាជ្ញានិងកម្លាំងកាយចិត្ត របស់អវកាសយានិក ប៉ុន្មានជំនាន់របស់ប្រទេសចិន បានបង្ហាញពីសមិទ្ធផលដ៏លេចធ្លោរបស់ប្រទេសចិន លើវិស័យសិក្សាស្រាវជ្រាវអំពីបច្ចេកវិទ្យា ដោយម្ចាស់ការក្នុងប៉ុន្មានឆ្នាំកន្លងទៅនេះ និងបានបង្ហាញពីឆន្ទៈ និងទីបង្អែករបស់ប្រជាជនចិន។ យើងត្រូវខិតខំប្រឹងប្រែងផ្សព្វផ្សាយស្មារតីស្ទង់រុករកភពព្រះចន្ទនៅសង្គមទាំងមូល ពោលគឺខំស្វែងរកសុបិន ហានសិក្សាស្រាវជ្រាវ រួមគ្នាជម្នះលើឧបសគ្គ ធ្វើកិច្ចសហប្រតិបតិ្តការនិងឈ្នះ-ឈ្នះ ធ្វើឱ្យកូនចៅប្រជាជាតិចិនបង្កើនថែមមួយកម្រិតទៀត នូវជំនឿចិត្តខ្លាំងនិងមោទនភាពលើខ្លួនឯង ប្រមូលផ្តុំកម្លាំងដ៏ខ្លាំងក្លា ដើម្បីជំរុញដោយគ្រប់ជ្រុងជ្រោយនូវកិច្ចកសាងប្រទេសខ្លាំងក្លា និងបុព្វហេតុស្តារភាពរុងរឿងរបស់ប្រជាជាតិចិនឡើងវិញ តាមរយៈការធ្វើទំនើបកម្មតាមបែបផែនចិន។

សមាជិកអចិន្ត្រៃយ៍នៃការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន មានលោក Li Qiang លោក Zhao Leji លោក Wang Huning លោក Cai Qi លោក Ding Xuexiang និងលោក Li Xi បានចូលរួមសកម្មភាពលើកនេះ ៕

វិទ្យុមិត្តភាពកម្ពុជាចិន