(ប៉េកាំង)៖ ក្នុងឱកាសពេលទិវាប្រមូលផលរបស់កសិករចិនលើកទី ៧ ជិតឈានចូលមកដល់ លោក Xi Jinping អគ្គលេខាធិការនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន ប្រធានរដ្ឋចិន និងជាប្រធានគណៈកម្មាធិការយោធាមជ្ឈិមចិន បានតាងនាមគណៈកម្មាធិការមជ្ឈិមបក្ស ដើម្បីសម្តែងការអបអរសាទរ និងការសួរសុខទុក្ខដ៏ស្មោះ ចំពោះកសិករនិងបុគ្គលិកបម្រើការផ្នែក “កសិកម្ម ជនបទនិងកសិករ” នៅទូទាំងប្រទេសចិនក្នុងឱកាស ទិវាប្រមូលផលរបស់កសិករ។

លោក Xi Jinping បានសង្កត់ធ្ងន់ថា ដើម្បីជំរុញការធ្វើទំនើបកម្មតាមបែបផែនចិន យើងចាំបាច់ត្រូវតែពង្រឹងមូលដ្ឋានកសិកម្ម ដោយមិនឈប់ឈរ និងជំរុញការស្តារអភិវឌ្ឍន៍ ជនបទដោយគ្រប់ជ្រុងជ្រោយ។ គណៈកម្មការបក្ស និងរដ្ឋបាលគ្រប់ជាន់ថ្នាក់ ត្រូវអនុវត្តឱ្យបានស៊ីជម្រៅនូវសេចក្តីសម្រេច និងការងារចាត់ចែងរបស់គណៈកម្មាធិការមជ្ឈិមបក្សស្តីពី "កសិកម្ម ជនបទ និងកសិករ" សិក្សានិងអនុវត្តបទពិសោធដ៏ជោគជ័យ ធានាយ៉ាងពិតប្រាកដនូវការផ្គត់ផ្គង់ស្បៀងអាហារ និងផលិតផលកសិកម្មសំខាន់ៗ ប្រកបដោយស្ថិរភាព និងសុវត្ថិភាព បន្តពង្រឹងនិងពង្រីកសមិទ្ធផល នៃការកាត់បន្ថយភាពក្រីក្រ និងខ្នះខ្នែងស្វែងរកគ្រប់មធ្យោបាយ ដើម្បីបង្កើនប្រសិទ្ធភាពកសិកម្ម និងប្រាក់ចំណូលរបស់កសិករ ព្រមទាំងបំពេញបន្ថែម កម្លាំងរស់រវើកដល់តំបន់ជនបទ ដើម្បីធ្វើឱ្យកសិករទទួលបាន អត្ថប្រយោជន៍ជាក់ស្តែង។

លោករំពឹងថា កសិករនិងគ្រប់មជ្ឈដ្ឋានក្នុងសង្គម នឹងចាត់វិធានការយ៉ាងសកម្ម ដើម្បីប្រែក្លាយផែនការដ៏ល្អប្រសើរ នៃការស្តារអភិវឌ្ឍន៍ជនបទទៅជាការពិត និងតាំងមូលដ្ឋានគ្រឹះ សម្រាប់ការធ្វើទំនើបកម្មកសិកម្មនិងជនបទ ក៏ដូចជាការកសាងប្រទេសខ្លាំងខាងកសិកម្មផងដែរ៕

វិទ្យុមិត្តភាពកម្ពុជាចិន