(កៀវ)៖ កងទ័ពអាកាសអ៊ុយក្រែន បាននិយាយនៅថ្ងៃពុធ ទី២៥ ខែកញ្ញានេះថា ខ្លួនបានបាញ់ទម្លាក់យន្តហោះដ្រូនចំនួន ២៨គ្រឿងក្នុងចំណោម ៣២គ្រឿង និងមីស៉ីល ៤គ្រាប់ អំឡុងការវាយប្រហាររបស់រុស្ស៉ី កាលពីយប់ថ្ងៃអង្គារសប្តាហ៍នេះ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
តាមកងទ័ពអាកាសអ៊ុយក្រែន រុស្ស៉ីបាញ់មីស៉ីល ៤គ្រាប់មកលើតំបន់ Odesa ភាគខាងត្បូង ហើយអភិបាលតំបន់ លោក Oleh Kiper បានឱ្យដឹងថា មីស៉ីល ១គ្រាប់ធ្លាក់ចំទីវាល និងបង្កជាការឆាបឆេះដែលអាចពន្លត់បាន។ តែបំណែកនៃមីស៉ីល ត្រូវចំរថយន្តដឹកទំនិញ ២គ្រឿងបណ្តាលឱ្យខូចខាត។
ដោយឡែក អភិបាលតំបន់កៀវ លោក Ruslan Kravchenko និយាយថា ការវាយប្រហារដោយដ្រូនមកលើតំបន់ មិនបានធ្វើឱ្យខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ឬលំនៅដ្ឋាននោះទេ។ រីឯ ការវាយប្រហារលើតំបន់ភាគឦសាន នៃក្រុង Kharkiv នៅព្រឹកព្រលឹមថ្ងៃពុធ (ម៉ោងក្នុងតំបន់) បានបំផ្លាញរោងចក្រមួយកន្លែង។
គួរបញ្ជាក់ថា ការវាយប្រហាររបស់រុស្ស៉ី ដោយប្រើមីស៉ីលកំណត់គោលដៅ មកលើទីក្រុង Kharkiv កាលពីថ្ងៃអង្គារ បណ្តាលឱ្យមនុស្ស ៣នាក់ស្លាប់ និង ៣៦នាក់របួស។ រុស្ស៉ី បានបដិសេធកំណត់គោលដៅលើជនស៉ីវិល បើទោះបីជាមានមនុស្សរាប់ពាន់នាក់ស្លាប់ ក្នុងសង្រ្គាមជាង ២ឆ្នាំ នៅអ៊ុយក្រែនក៏ដោយ៕