(ញូវយ៉ក)៖ រដ្ឋមន្រ្តីការបរទេសនៃប្រទេសលីបង់ បានឱ្យដឹងកាលពីថ្ងៃអង្គារសប្តាហ៍នេះថា ចំនួនប្រជាជនលីបង់ដែលត្រូវព្រាត់ប្រាស ​ពីផ្ទះសម្បែងរបស់ពួកគេ នាពេលនេះបានកើនដល់ជិត ៥០០,០០០នាក់ហើយ ចាប់តាំងពីអ៉ីស្រាអែល បានបង្កើនការវាយប្រហារ​ប្រឆាំងក្រុមហេសបូឡា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ២០២៤។

ប្រមុខការទូតលីបង់ លោក Abdallah Bou Habib ដែលកំពុងស្ថិតនៅទីក្រុងញូវយ៉កនៃសហរដ្ឋអាមេរិក ដើម្បីចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ បាននិយាយថា នៅមុនការវាយប្រហារនាពេលថ្មីៗនេះរបស់អ៉ីស្រាអែល លីបង់មានប្រជាជនដែលភៀសខ្លួនចេញពីលំនៅដ្ឋាន ប្រមាណ១១០,០០០នាក់ គិតចាប់តាំងពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ ជាពេលដែលអ៉ីស្រាអែល និងហេសបូឡា បានចាប់ផ្តើម​ការបាញ់ផ្លោងដាក់គ្នា ទន្ទឹមគ្នាជាមួយការផ្ទុះឡើង នៃសង្រ្គាមរបស់អ៉ីស្រាអែល ប្រឆាំងក្រុមហាម៉ាសប៉ាឡេស្ទីន នៅតំបន់ហ្កាហ្សា ហើយមកទល់ឥឡូវតួលេខនោះ ប្រហែលកើនជិតដល់៥០០,០០០នាក់ហើយ។

គួរបញ្ជាក់ថា ការវាយប្រហាររបស់អ៉ីស្រាអែលលើ មូលដ្ឋានរាប់ពាន់កន្លែងរបស់ហេសបូឡា ក្នុងប្រទេសលីបង់ ចាប់តាំងពីថ្ងៃចន្ទដើមសប្ដាហ៍នេះមក បានសម្លាប់មនុស្សជាង ៥៦៩នាក់ ហើយ ក្នុងនោះមានកុមារ ៥០នាក់ និងរងរបួស ១,៨៣៥នាក់។ នេះបើតាមក្រសួងសុខាភិបាលលីបង់។ លើសពីនេះទៅទៀត ការវាយប្រហារតាមផ្លូវអាកាសជាថ្មីរបស់អ៉ីស្រាអែលលើ រដ្ឋធានីបេរូត កាលពីថ្ងៃអង្គារ បានសម្លាប់មេបញ្ជាការជាន់ខ្ពស់ហេសបូឡាម្នាក់ ហើយនៅថ្ងៃពុធ ទី២៥ ខែកញ្ញានេះ ហេសបូឡាបានទទួលស្គាល់មេបញ្ជាការរបស់ខ្លួន គឺលោក Ibrahim Mohammed Kobeissi ពិតជាត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល ខណៈការបាញ់ផ្លោងដាក់គ្នារវាងភាគី នៅតែបន្ត៕