(ញូវយ៉ក)៖ ថ្លែងទៅកាន់បណ្តាមេដឹកនាំពិភពលោក នៅឯអង្គការសហប្រជាជាតិ (UN) សម្រាប់អាណត្តិចុងក្រោយក្នុងនាមប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយថា ដំណោះស្រាយ​ការទូត​រវាង​អ៉ីស្រាអែល និង​ក្រុម​ហេសបូឡា​របស់លីបង់​ នៅតែ​អាច​ធ្វើ​ទៅបាន​។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ ២០២៤។

ចំពោះមុខ សមាជិកទាំង ១៩៣ នៃអង្គមហាសន្និបាត UN លោក បៃដិន គូសបញ្ជាក់ថា «សង្គ្រាម​ទ្រង់ទ្រាយ​ធំ​ មិន​ស្ថិត​ក្នុងផលប្រយោជន៍នរណាម្នាក់ឡើយ ​ទោះ​ជា​ស្ថានការណ៍​កាន់តែ​តានតឹង​ក៏​ដោយ ដំណោះស្រាយ​ការទូត​នៅ​តែ​អាច​ធ្វើ​ទៅ​បាន»។ លោក បៃដិន បានអំពាវនាវឱ្យអ៉ីស្រាអែល សម្រេចកិច្ចព្រមព្រៀងបទបាញ់ហ្កាហ្សា និងកិច្ចព្រមព្រៀងដោះលែងចំណាប់ខ្មាំង ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក និងប្រទេសកាតា។ តាមលោក បៃដិន វឌ្ឍនភាពដើម្បីឆ្ពោះទៅរកសន្តិភាពនៅមជ្ឈិមបូព៌ា នឹងធ្វើឱ្យពិភពលោកមានជំហររឹងមាំជាងមុន ដើម្បីទប់ទល់នឹងការគំរាមកំហែងពីអ៉ីរ៉ង់ និងក្រុមប្រូស៉ី (proxies) របស់ខ្លួន។

គួរបញ្ជាក់ថា ខណៈនៅសល់ពេលតែ ៤ខែទៀតប៉ុណ្ណោះនៃអាណត្តិ ដែលនឹងបញ្ចប់នៅខែមករា ឆ្នាំ ២០២៥ លោក បៃដិន បានស្វះស្វែងរកការ​​រំងាប់​ភាព​តានតឹង ស្របពេលដែលសង្រ្គាម​អ៉ីស្រាអែល-ហាម៉ាស នៅតំបន់ហ្កាហ្សា ជិត​មួយ​ឆ្នាំមកនេះ ​កំពុងហៀរចេញទៅលីបង់ ជា​ទីដែល​អ៉ីស្រាអែល​បង្កើនការវាយប្រហារប្រឆាំងនឹងក្រុមហេសបូឡា៕