(ញូវយ៉ក)៖ រដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក Sergei Lavrov បាននិយាយថា អង្គការសហប្រជាជាតិ (UN) ធ្វើជាមើលមិនឃើញ ចំពោះ​អំពើ​ហួសហេតុ​ដែល​ប្រព្រឹត្ត​ដោយ​កងកម្លាំង​អ៊ុយក្រែន ​ក្នុងការ​វាយលុករបស់ពួកគេចូលតំបន់ Kursk របស់​រុស្ស៉ី ដែល​​ចាប់ផ្តើម​តាំងពី​មុនមក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មានរុស្ស៉ី TASS នៅថ្ងៃពុធ ទី២៥ ខែកញ្ញា ឆ្នាំ ២០២៤។

ក្នុងបទសម្ភាសន៍ជាមួយ TASS លោក Lavrov បានហៅអ៊ុយក្រែនថាជា «ក្រុមភេវករ» និងកំពុងប្រើប្រាស់អាវុធរបស់លោកខាងលិច ប្រព្រឹត្តសកម្មភាពហួសហេតុ នៅក្នុងតំបន់ Kursk។ លោកគូសបញ្ជាក់ដូច្នេះថា «នៅទីនោះ មានការបំផ្ទុះជារៀងរាល់ថ្ងៃ ការទម្លាក់គ្រាប់បែកលើស្ថាប័នសង្គម ហើយប្រជាជនដែលធ្វើដំណើរតាមរថយន្ត ត្រូវរកកន្លែងគេចខ្លួន។ ខ្ញុំមិនបានឮអ្វីទេពីអ្នកតំណាងសិទ្ធិមនុស្សរបស់ UN រួមទាំងលោកអគ្គលេខាធិការ Antonio Guterres ផងដែរ»

គួរបញ្ជាក់ថា កងកម្លាំងអ៊ុយក្រែន បានវាយលុកចូលតំបន់ Kursk របស់រុស្ស៉ី កាលពីដើមខែសីហា ដោយក្រុមមន្រ្តីអះអាងថា បានចាប់យកទីតាំងជាង ១០០កន្លែង។ ទីក្រុងកៀវនិយាយថា ខ្លួនកំពុង​ការពារ​ខ្លួន​ប្រឆាំង​នឹង​សង្រ្គាម​ ដើម្បី​លុប​បំបាត់​អត្តសញ្ញាណជាតិ​ ខណៈរុស្ស៉ី​ហៅសង្រ្គាមនៅអ៊ុយក្រែនថា​ ជា​ប្រតិបត្តិការ​ពិសេស​មួយ​ ដើម្បី​ការពារ​សន្តិសុខ​​ប្រឆាំងនឹង​លោកខាងលិច ​ដែល​មានបំណងមិនល្អចំពោះប្រទេសរបស់ខ្លួន​៕