(វ៉ាស៊ីនតោន)៖ ក្រុមការងារយុទ្ធនាការឃោសនាបោះឆ្នោតរបស់បេក្ខជនប្រធានាធិបតីអាមេរិក មកពីគណបក្សសាធារណរដ្ឋ លោក ដូណាល់​ ត្រាំ បាននិយាយថាទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ អាមេរិកបានព្រមានលោក ត្រាំ ពីការគំរាមកំហែងជាក់លាក់ និងពិតប្រាកដពីអ៉ីរ៉ង់ ដើម្បីធ្វើឃាតរូបលោក។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

លោក Steven Cheung ជាប្រធានទំនាក់ទំនងនៃក្រុមការងារយុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក ត្រាំ បានបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ ទី២៤ ខែកញ្ញាថា «ប្រធានាធិបតី ត្រាំ ត្រូវបានជូនដំណឹងនៅថ្ងៃនេះ (ថ្ងៃអង្គារ) ដោយការិយាល័យនាយកទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ជាតិ ពាក់ព័ន្ធនឹងការគំរាមកំហែងពិតប្រាកដ និងជាក់លាក់ពីអ៉ីរ៉ង់ ដើម្បី ធ្វើឃាតរូបលោក នៅក្នុងកិច្ចប្រឹងប្រែងមួយដើម្បីបង្កអស្ថិរភាព និងចលាចលនៅក្នុងសហរដ្ឋអាមេរិក»។ លោក Steven Cheung បន្ថែមថាមន្ត្រីអនុវត្តច្បាប់ និងគ្រប់ទីភ្នាក់ងារទាំងអស់កំពុង សហការគ្នាសំដៅធានាការពារសុវត្ថិភាពរបស់លោក ត្រាំ។ ប៉ុន្តែលោកមិនបានបង្ហាញភស្តុតាងអ្វីនោះទេ។

គួរបញ្ជាក់ថា ការអះអាងខាងលើរបស់ក្រុមយុទ្ធនាការឃោសនាបោះឆ្នោតឱ្យលោក ត្រាំ កើតមានឡើងចំពេលបណ្ដាប្រទេសលោកខាងលិចកំពុងបង្កើនការដាក់សម្ពាធលើអ៉ីរ៉ង់ឱ្យជួយ បន្ធូរបន្ថយការកើនឡើងភាពតានតឹងក្នុងប្រទេសលីបង់ ជាទីដែលអ៉ីស្រាអែលកំពុងដឹកនាំយុទ្ធនាការវាយប្រហារតាមផ្លូវអាកាសលើមូលដ្ឋានក្រុមហេសបូឡា ដែលជាសម្ព័ន្ធមិត្តរបស់អ៉ីរ៉ង់។ អ៉ីរ៉ង់តែងតែច្រានចោលជារឿយៗចំពោះការចោទប្រកាន់ថាខ្លួនកំពុងព្យាយាមធ្វើឃាតលោក ត្រាំ ជាពិសេសនៅបន្ទាប់ពីខ្មាន់កាំភ្លើងម្នាក់បានបាញ់ឱ្យលោក ត្រាំ រងរបួសស្រាលត្រង់ត្រចៀក អំឡុងលោកដឹកនាំយុទ្ធនាការឃោសនាមួយក្នុងរដ្ឋ Pennsylvania កាលពីខែសីហាកន្លងទៅនេះ៕