(ប្រាស៊ីលីយ៉ា)៖ ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva បានប្រកាសនៅក្នុងសុន្ទរកថារបស់លោក នៅមហាសន្និបាតអង្គការសហប្រជាជាតិថា ប្រទេសប្រេស៊ីល និងចិនបានរួមគ្នាស្នើផែនការចំនួនប្រាំមួយ ដើម្បីជំរុញការចរចាសន្តិភាពរវាងរុស្ស៊ី និងអ៊ុយក្រែន ដែលកំពុងមានជម្លោះប្រដាប់អាវុធ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤។

ក្នុងឱកាសនោះដែរ លោក Lula ក៏បានព្រមានអំពីផលវិបាកធ្ងន់ធ្ងរនៃជម្លោះនៅហ្គាហ្សា ដែលអាចពង្រីកវិសាលភាព និងបង្ក «គ្រោះថ្នាក់» ដល់ប្រទេសជិតខាង ជាពិសេសប្រទេសលីបង់។

ការលើកឡើងរបស់ លោក Lula នេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់ប្រេស៊ីល និងចិន ក្នុងការស្វែងរកដំណោះស្រាយដោយសន្តិវិធី ចំពោះវិបត្តិអ៊ុយក្រែន និងការព្រួយបារម្ភរបស់ពួកគេចំពោះស្ថានការណ៍ដ៏តានតឹងនៅមជ្ឈិមបូព៌ា៕