(ប៉េរូត)៖ អាកាសយានដ្ឋានអន្តរជាតិ Rafic Hariri នៅទីក្រុង Beirut បានប្រកាសលុបចោលជើងហោះហើរជាង ៣០ ជើង ទាំងចេញ និងចូល កាលពីថ្ងៃអង្គារ ទី២៤ ខែកញ្ញា។ ការលុបចោលនេះ កើតឡើងបន្ទាប់ពីមានការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលនៅភាគខាងត្បូងប្រទេសលីបង់ ជាលើកទី២ ក្នុងរយៈពេល២ថ្ងៃចុងក្រោយនេះ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters

យោងតាមគេហទំព័ររបស់អាកាសយានដ្ឋាន ជើងហោះហើរចំនួន ១៥ ដែលហោះចេញពីទីក្រុង Beirut និងជើងហោះហើរចំនួន ២៩ ដែលហោះចូលទីក្រុង Beirut ត្រូវបានលុបចោល។ ក្រុមហ៊ុនអាកាសចរណ៍ដែលរងផលប៉ះពាល់រួមមាន Qatar Airways, ក្រុមហ៊ុនអាកាសចរណ៍អារ៉ាប់រួម និងក្រុមហ៊ុនអាកាសចរណ៍តួកគីផងដែរ។

គួរបញ្ជាក់ថា ការលុបចោលជើងហោះហើរទាំងនេះបង្ហាញពីផលប៉ះពាល់នៃភាពតានតឹងក្នុងតំបន់ និងការព្រួយបារម្ភអំពីសុវត្ថិភាព ដែលជះឥទ្ធិពលដល់វិស័យអាកាសចរណ៍ និងសេដ្ឋកិច្ច៕