(ប៉េរូត)៖ ប្រភពសន្តិសុខពីរនៅក្នុងប្រទេសលីបង់បាននិយាយថា អ៊ីស្រាអែលនៅថ្ងៃអង្គារនេះបានបន្តបើការវាយប្រហារតាមផ្លូវអាកាស នៅតំបន់ជាយក្រុងភាគខាងត្បូងនៃទីក្រុង Beirut ដែលបានកំណត់គោលដៅលើមេបញ្ជាការក្រុមហេសបូឡា។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤។

ការវាយប្រហារនេះ គឺជាលើកទីពីរហើយ ដែលអ៊ីស្រាអែលបានវាយប្រហារលើតំបន់គ្រប់គ្រងដោយក្រុមហេសបូឡានៅក្នុងរដ្ឋធានីលីបង់ ក្នុងរយៈពេលពីរថ្ងៃជាប់ៗគ្នា។

ទោះបីជាប្រភពបានបដិសេធមិនបញ្ជាក់អត្តសញ្ញាណជនរងគ្រោះ និងជោគវាសនារបស់គេក៏ដោយ ក៏យោធាអ៊ីស្រាអែលបានបញ្ជាក់ថាពួកគេបានវាយប្រហារចំគោលដៅក្នុងទីក្រុង Beirut។

ការវាយប្រហារនេះបានបង្កឲ្យមានការខូចខាតដល់អគារមួយក្នុងសង្កាត់ Ghobeiry ដែលជាធម្មតាមមាញឹកណាស់។ រូបថតដែលបានចែករំលែកដោយប្រភពសន្តិសុខបង្ហាញពីការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ជាន់ខាងលើនៃអគារប្រាំជាន់នោះ៕