(ញូវយ៉ក)៖ ប្រធានាធិបតីអ៉ីរ៉ង់ លោក Masoud Pezeshkian បានព្រមានពីផលវិបាកធ្ងន់ធ្ងរ ដោយនិយាយថា អ៉ីស្រាអែល ចង់ទាញតំបន់មជ្ឈិមបូព៌ាទាំងមូល ឱ្យធ្លាក់ចូលទៅក្នុងសង្រ្គាម តាមរយៈជម្លោះជិត ១ឆ្នាំរវាងអ៉ីស្រាអែល-ហេសបូឡា របស់លីបង់ និងជាក្រុមដែលគាំទ្រដោយអ៉ីរ៉ង់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៤ ខែកញ្ញា ឆ្នាំ ២០២៤។

នៅចំពោះមុខក្រុមអ្នកកាសែត បន្ទាប់ពីទៅដល់ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ដើម្បីចូលរួមមហាសន្និបាតរបស់ អង្គការសហប្រជាជាតិ (UN) លោក Pezeshkian គូសបញ្ជាក់ថា «យើងចង់រស់នៅដោយសន្តិភាព យើងមិនចង់បានសង្រ្គាម។ អ៉ីស្រាអែលទេ ដែលជាអ្នកបង្កជម្លោះឱ្យកាន់តែខ្លាំង»។ នៅពេលត្រូវបានសួរថា តើអ៉ីរ៉ង់នឹងចូលរួមក្នុងជម្លោះអ៉ីស្រាអែល-ហេសបូឡាឬទេ លោក Pezeshkian ឆ្លើយតបថា «យើងនឹងការពារក្រុមណាមួយ ដែលកំពុងការពារខ្លួនឯង និងសិទ្ធិរបស់ខ្លួន» តែលោក​មិន​បាន​បញ្ជាក់​លម្អិត​នោះទេ។

គួរបញ្ជាក់ថា ការអំពាវនាវរបស់ប្រធានាធិបតីអ៉ីរ៉ង់ ដើម្បីដោះស្រាយជម្លោះនៅមជ្ឈិមបូព៌ា តាមរយៈកិច្ចសន្ទនាបានកើតមានឡើង បន្ទាប់ពីអ៉ីស្រាអែល បើកការវាយប្រហារតាមផ្លូវអាកាសយ៉ាងចាស់ដៃ ទៅលើក្រុមហេសបូឡា កាលពីថ្ងៃចន្ទសប្តាហ៍នេះ ដោយវាបានក្លាយជាថ្ងៃដែលមានមនុស្សស្លាប់ច្រើនបំផុត នៅលីបង់ ក្នុងរយៈពេលជិតមួយឆ្នាំនៃជម្លោះអ៉ីស្រាអែល-ហេសបូឡា៕