(អាថែន)៖ រដ្ឋមន្រ្តីការបរទេសរបស់ប្រទេសក្រិក លោក George Gerapetritis បាននិយាយថា អ៉ីស្រាអែលមិនទាន់ប្រឈមនឹងសម្ពាធគ្រប់គ្រាន់ ដើម្បីបិទបញ្ចប់សង្រ្គាមនៅតំបន់ហ្កាហ្សាទេ ហើយការកើនឡើងភាពតានតឹងនៅលីបង់ គឺជាបញ្ហាដ៏គ្រោះថ្នាក់ដែលសហគមន៍អន្តរជាតិ ប្រហែលជាមិនអាចដោះស្រាយបានឡើយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៤ ខែកញ្ញា ឆ្នាំ ២០២៤។
ក្រិក បានថ្កោលទោសការវាយប្រហារបស់ក្រុមហាម៉ាសលើអ៉ីស្រាអែល កាលពីថ្ងៃទី៧ តុលា ប៉ុន្តែអំពាវឱ្យបញ្ចប់ ការវាយប្រហារជើងគោក និងតាមអាកាសលើប៉ាឡេស្ទីននៅតំបន់ហ្កាហ្សា។ លោក Gerapetritis បានប្រាប់ Reuters ក្នុងបទសម្ភាសន៍មួយ នៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ (UN) ដូច្នេះថា «យើងទាំងអស់គ្នាខ្លះគឺជាមិត្ត និងខ្លះជាដៃគូយុទ្ធសាស្រ្តរបស់អ៉ីស្រាអែល ហើយកំពុងព្យាយាមបើកចំហ និងស្មោះត្រង់ចំពោះពួកគេ»។
បន្ទាប់ពីជួបក្រុមរដ្ឋមន្រ្តីការបរទេសនៃសហភាពអឺរ៉ុប និងអារ៉ាប់ លោក Gerapetritis បញ្ជាក់ថា «ជាការពិតឥលូវនេះ វាមានប្រតិកម្មខ្លាំងៗជាបន្តបន្ទាប់លើអ៉ីស្រាអែលមែន។ ប៉ុន្តែភាពតានតឹងព្រំដែនអ៉ីស្រាអែល-លីបង់ នារយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ បង្ហាញពីបរាជ័យនៃការរួបរួមគ្នាជាអន្តរជាតិ»។ លោកបន្ថែមថា «យើងមិនត្រឹមតែមិនអាចទប់ស្កាត់បាននូវភាពតានតឹងនោះទេ តែសង្គ្រាមកាន់តែបែកខ្ញែក។ លីបង់ អាចក្លាយជាតំបន់នៃអរិភាពយ៉ាងខ្លាំង ហើយនេះគឺជាអ្វីដែលយើងពិបាកដោះស្រាយ»។
គួរបញ្ជាក់ថា កាលពីដើមឆ្នាំនេះ ក្រិក ត្រូវបានជ្រើសរើសជាសមាជិក នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់ឆ្នាំ ២០២៥ដល់ឆ្នាំ ២០២៦។ ទីក្រុងអាថែន ជឿថាទំនាក់ទំនងប្រវត្តិសាស្ត្រនៃប្រទេសរបស់ខ្លួន ជាមួយពិភពអារ៉ាប់ ក៏ដូចជាអ៉ីស្រាអែល នឹងផ្តល់លទ្ធភាពឱ្យខ្លួនដើរតួជាអាជ្ញាកណ្តាល ដើម្បីស្វែងរកសន្តិភាព៕