(ញូវយ៉ក)៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ រដ្ឋមន្រ្តីការបរទេស នៃក្រុមប្រទេសប្រជាធិបតេយ្យធំៗទាំង៧ ឬ G7 បានព្រមានថា ស្ថានការណ៍បច្ចុប្បន្ននៅមជ្ឈិមបូព៌ា កំពុងបង្កើនហានិភ័យ ក្នុងការរុញច្រានឱ្យតំបន់មួយនេះ ធ្លាក់ទៅក្នុងការផ្ទុះឡើងនូវជម្លោះទ្រង់ទ្រាយធំ ដែលនឹងគ្មានផ្តល់ផលចំណេញដល់ប្រទេសណាមួយឡើយ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី២៤ ខែកញ្ញា ឆ្នាំ២០២៤។
ក្នុងសេចក្តីថ្លែងការណ៍រួម ក្រោយការបើកកិច្ចប្រជុំ នៅក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ ក្នុងទីក្រុង New York ក្រុម G7 បានលើកឡើងថា សកម្មភាពនិងសកម្មភាពតបតនានា កំពុងតែបង្កើនហានិភ័យជាខ្លាំង ក្នុងការពង្រីកការរីករាលដាលយ៉ាងគ្រោះថ្នាក់នៃជម្លោះនេះ ហើយអូសទាញតំបន់មជ្ឈិមបូព៌ាទាំងមូល ឱ្យធ្លាក់ចូលទៅក្នុងជម្លោះទ្រង់ទ្រាយធំមួយតែម្តង ដែលនឹងបង្កផលវិបាកធ្ងន់ធ្ងរជាទីបំផុត។
G7 ដែលរួមមានប្រទេសដូចជា សហរដ្ឋអាមេរិក កាណាដា បារាំង អាល្លឺម៉ង់ អ៉ីតាលី ជប៉ុន និងចក្រភពអង់គ្លេស បានអំពាវនាវឱ្យមានការបិទបញ្ចប់ ភាពវិលវល់ដ៏អន្តរាយនាពេលបច្ចុប្បន្ន ហើយបានសង្កត់ធ្ងន់ថា ពុំមានប្រទេសណាមួយឡើយ ដែលនឹងទទួលបានផលចំណេញពី ការកើនឡើងជម្លោះកាន់តែខ្លាំងថែមទៀតនៅមជ្ឈិមបូព៌ា។
ប៉ុន្មានថ្ងៃមកនេះ ភាពតានតឹងរវាងអ៉ីស្រាអែល និងក្រុមហេសបូឡានៅលីបង់ បានកើនឡើងកម្តៅជាខ្លាំង។ បើតាមក្រសួងសុខាភិបាលលីបង់ មនុស្សយ៉ាងហោច ៤៩២នាក់ត្រូវបានសម្លាប់ ក្នុងនោះមានកុមារ ២៤នាក់ និងស្ត្រី៤២នាក់ ខណៈ១,៦៤៥នាក់បានរងរបួស ដោយសារការវាយប្រហាររបស់អ៉ីស្រាអែល កាលពីថ្ងៃចន្ទ។ ចំណែក មនុស្ស ២៦,០០០នាក់ បានរត់ភៀសខ្លួន ដើម្បីគេចចេញពីការវាយប្រហារ។
គួរបញ្ជាក់ថា ក្រោយធ្វើសង្រ្គាមជាមួយក្រុមហាម៉ាស ក្នុងតំបន់ហ្កាហ្សានៅតាមបណ្ដោយព្រំដែនភាគខាងត្បូងរបស់ខ្លួន ជិតមួយឆ្នាំមកនេះ អ៉ីស្រាអែលបច្ចុប្បន្នបានផ្លាស់ប្ដូរ ការផ្តោតទៅលើព្រំដែនភាគខាងជើងជាប់ជាមួយលីបង់វិញ ជាទីដែលអ៉ីស្រាអែល និងហេសបូឡា បានបាញ់ផ្លោងគ្រាប់ដាក់គ្នាស្ទើរជារៀងរាល់ថ្ងៃ ចាប់តាំងពី សង្រ្គាមហ្កាហ្សាផ្ទុះឡើងកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣មក។ នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក Netanyahu បានបញ្ជាក់ថា គោលដៅជាអាទិភាពរបស់អ៉ីស្រាអែល គឺធ្វើយ៉ាងណាធ្វើឱ្យតំបន់ព្រំដែនភាគខាងជើងរបស់អ៉ីស្រាអែល មានសុវត្ថិភាពឡើងវិញ និងអនុញ្ញាតឱ្យប្រជាជនដែលរត់ភៀសខ្លួន អាចត្រឡប់ទៅផ្ទះរបស់ពួកគេវិញ៕