(មូស្គូ)៖ កាលពីថ្ងៃចន្ទសប្តាហ៍នេះ មន្រ្តីជាន់ខ្ពស់រុស្ស៉ីមួយរូបបាននិយាយថា ប្រទេសរុស្ស៉ីនឹងមិនធ្វើតេស្តអាវុធនុយក្លេអ៊ែរឡើងវិញឡើយ ដរាបណាសហរដ្ឋអាមេរិក ក៏មិនធ្វើតេស្តដូចគ្នា ខណៈការអះអាងនេះធ្វើឡើង ក្រោយមានការសង្ស័យកើនឡើងថា វិមានក្រឹមឡាំងអាចនឹងបោះបង់ចោល គោលជំហរមិនបន្តសាកល្បងអាវុធនុយក្លេអ៊ែរ ក្រោយសម័យសូវៀតរបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី២៤ ខែកញ្ញា ឆ្នាំ២០២៤។
ស្របពេលដែលអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិច កំពុងពិចារណាផ្តល់ការអនុញ្ញាតឱ្យអ៊ុយក្រែន អាចប្រើប្រាស់មីស៉ីលរបស់ពួកគេ ដើម្បីបើកការវាយប្រហារចូលជ្រៅក្នុងទឹកដីរុស្ស៉ី មានការលើកឡើងកាន់តែច្រើនថា រុស្ស៉ីប្រហែលអាចបន្តការធ្វើតេស្តអាវុធនុយក្លេអ៊ែរវិញ។ ប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ធ្លាប់បានភ្ជាប់ការធ្វើតេស្តអាវុធនុយក្លេអ៊ែររបស់រុស្ស៉ី ជាមួយនឹងការធ្វើដូចគ្នាដោយអាមេរិក ហើយលោកធ្លាប់បានអះអាងថា ពុំមានភាពចាំបាច់ដើម្បីប្រើប្រាស់អាវុធបែបនេះ ដើម្បីយកឈ្នះសង្រ្គាមនៅអ៊ុយក្រែនឡើយ។
អនុរដ្ឋមន្រ្តីការបរទេសរុស្ស៉ី លោក Sergei Ryabkov ដែលទទួលបន្ទុកគោលនយោបាយគ្រប់គ្រងអាវុធរបស់ប្រទេសរុស្ស៉ី បានបកស្រាយប្រាប់ប្រព័ន្ធផ្សព្វផ្សាយរុស្ស៉ី ជុំវិញការសង្ស័យដែលថា ការធ្វើតេស្តអាវុធនុយក្លេអ៊ែរ អាចជាការឆ្លើយតបរបស់រុស្ស៉ី ក្នុងករណីអ៊ុយក្រែនទទួលបានការអនុញ្ញាត ឱ្យវាយប្រហារចូលជ្រៅក្នុងប្រទេសរុស្ស៉ី។ លោក Ryabkov បានលើកឡើងដូច្នេះថា «មិនមានអ្វីត្រូវបានផ្លាស់ប្តូរឡើយ។ ដូចដែលបានកំណត់ដោយលោកប្រធានាធិបតីរុស្ស៉ី គឺយើងមានសមត្ថភាពធ្វើតេស្តអាវុធនុយក្លេអ៊ែរ ប៉ុន្តែយើងនឹងមិនធ្វើបែបនោះទេ ដរាបណាអាមេរិកបន្តមិនធ្វើបែបនោះដូចគ្នា»។
គួរបញ្ជាក់ថា ចាប់តាំងពីការដួលរលំនៃសហភាពសូវៀត រុស្ស៉ីមិនដែលធ្វើតេស្តអាវុធនុយក្លេអ៊ែរទៀតទេ។ ការធ្វើតេស្តចុងក្រោយបំផុត របស់សហភាពសូវៀត បានប្រព្រឹត្តទៅ កាលពីឆ្នាំ១៩៩០ ខណៈការធ្វើតេស្តចុងក្រោយរបស់អាមេរិក គឺនៅ១៩៩២។ ពុំមានប្រទេសណាមួយឡើយ លើកលែងតែកូរ៉េខាងជើង ដែលបានធ្វើតេស្តពាក់ព័ន្ធការបំផ្ទុះនុយក្លេអ៊ែរ នៅក្នុងសតវត្សរ៍នេះ៕