(ព្រុចសែល)៖ ប្រធានគោលនយោបាយការបរទេសរបស់សហភាពអឺរ៉ុប (EU) លោក Josep Borrell បាននិយាយកាលពីថ្ងៃចន្ទសប្តាហ៍នេះថា រុស្ស៉ីកំពុងព្យាយាមបំផ្លាញរចនាសម្ព័ន្ធថាមពលអ៊ុយក្រែន នៅមុនរដូវរងាចូលមកដល់ ដូច្នេះសម្ព័ន្ធមិត្តលោកខាងលិច ត្រូវតែផ្តល់ជំនួយលើការពារដែនអាកាសថែមទៀត។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៤ ខែកញ្ញា ឆ្នាំ ២០២៤។

លោក Borrell បានប្រាប់សន្និសីទសារព័ត៌មានក្នុងទីក្រុងញូវយ៉ក ដូច្នេះថា «វាច្បាស់ណាស់ថារុស្ស៉ីចង់ឱ្យអ៊ុយក្រែន ធ្លាក់ចូលទៅក្នុងសភាពងងឹត និងត្រជាក់នៅរដូវរងាខាងមុខនេះ ហើយតាមរយៈការវាយប្រហារប្រឆាំងគោលដៅថាមពល សមត្ថភាពផលិតអគ្គសនីរបស់អ៊ុយក្រែន អាចនឹងត្រូវបានកាត់បន្ថយ ២ភាគ៣»

នៅបន្ទាប់ពីកិច្ចពិភាក្សានៃរដ្ឋមន្រ្តីការបរទេស EU ក៏ដូចជាមុនពេលរដ្ឋមន្រ្តី G7 ជួបជជែកគ្នាអំពីការផ្តល់ជំនួយលើវិស័យថាមពលអ៊ុយក្រែន លោក Borrell បានបន្ថែមថា «យើងត្រូវតែគាំទ្រអ៊ុយក្រែន ដោយមិនត្រឹមតែខាងសមត្ថភាពយោធាប៉ុណ្ណោះទេ ប៉ុន្តែក៏សម្រាប់សមត្ថភាពផលិតថាមពលអគ្គិសនី ផងដែរ បើពុំនោះទេប្រទេសនេះ នឹងត្រូវប្រឈមការលំបាកខ្លាំងក្នុងរដូវរងា»

គួរបញ្ជាក់ថា គិតចាប់តាំងពីសង្រ្គាមផ្ទុះឡើង កាលពីខែកុម្ភៈ ឆ្នាំ ២០២២ ប្រព័ន្ធថាមពលអ៊ុយក្រែនត្រូវបានកំណត់ជាគោលដៅ ដែលបណ្តាលឱ្យដាច់ចរន្តអគ្គិសនី និងការកម្រិតលើការផ្គត់ផ្គង់អគ្គិសនីដល់តំបន់មួយចំនួន ក្នុងរយៈពេលជាច្រើនម៉ោង ជារៀងរាល់ថ្ងៃ។ ការ​វាយ​ប្រហារ​ទាំង​នោះ កាន់តែ​​កើន​ឡើង​ទៀតនៅមុន​រដូវរងា។ តាមទីភ្នាក់ងារថាមពលអន្តរជាតិ កាលពីសប្តាហ៍មុន កង្វះខាតការផ្គត់ផ្គង់អគ្គិសនីរបស់អ៊ុយក្រែន អាចឈានដល់កម្រិតប្រហែល ១ភាគ ៣នៃតម្រូវការខ្ពស់បំផុតក្នុងរដូវងា៕