(ដាក្កា)៖ ប្រមុខកងទ័ពនៃប្រទេសបង់ក្លាដែស បានប្តេជ្ញាគាំទ្ររដ្ឋាភិបាលបណ្តោះអាសន្នរបស់ លោក Muhammad Yunus ដើម្បីជួយឱ្យប្រទេសខ្លួន អាចបញ្ចប់ការធ្វើកំណែទម្រង់សំខាន់ៗ ដូច្នេះការបោះឆ្នោតនឹងអាចធ្វើឡើងបាន ក្នុងរយៈពេល ១៨ខែខាងមុខ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី២៤ ខែកញ្ញា ឆ្នាំ ២០២៤។

លោក Waker-uz-Zaman អគ្គសេនាធិការកងទ័ពបង់ក្លាដែស និងកងទ័ពរបស់លោកមិនបានធ្វើអ្វីឡើយ អំឡុងពេលមានការតវ៉ាយ៉ាងខ្លាំងក្លា កាលពីដើមខែសីហា ដើម្បីប្រឆាំងនឹងលោកស្រី Sheikh Hasina អតីតនាយករដ្ឋមន្រ្តី។ ដោយឡែក នៅក្នុងបទសម្ភាសន៍ដ៏កម្រមួយ លោក Zaman បានប្រាប់ Reuters ក្នុងរដ្ឋធានីដាក្កា កាលពីថ្ងៃចន្ទសប្តាហ៍នេះថា រដ្ឋាភិបាលបណ្តោះអាសន្នដឹកនាំដោយលោក Yunus បានទទួលការគាំទ្រយ៉ាងពេញទំហឹងពីរូបលោក ហើយនឹងមានផ្លូវថ្មីមួយ ឈានទៅ​លុបបំបាត់ឥទ្ធិពល​យោធា​ចេញពីជួរ​​នយោបាយផងដែរ។ លោក Zaman គូសបញ្ជាក់ថា «ខ្ញុំនឹងគាំទ្រគាត់ (លោក Yunus) មិនថាមានអ្វីកើតឡើងនោះទេ ដើម្បីឱ្យគាត់អាចបំពេញតួនាទីរបស់គាត់ ដោយមានកម្លាំងយោធានៅជួយការពារ»

គួរបញ្ជាក់ថា ​ម្ចាស់ពានរង្វាន់ណូបែលសន្តិភាព លោក Yunus បានសន្យាអនុវត្តការធ្វើកំណែទម្រង់សំខាន់ៗ ក្នុងស្ថាប័នតុលាការ ប៉ូលិស និងហិរញ្ញវត្ថុ ហើយរៀបចំការបោះឆ្នោតដោយសេរី និងយុត្តិធម៌ នៅក្នុងប្រទេសដែលមានប្រជាជន ១៧០លាននាក់នេះ។ បន្ទាប់ពីកំណែទម្រង់ លោក Zaman ដែលចូលកាន់តំណែងជាមេទ័ព ប៉ុន្មានសប្តាហ៍មុនការទម្លាក់លោកស្រី Hasina និយាយថា ការផ្លាស់ប្តូរទៅកាន់លទ្ធិប្រជាធិបតេយ្យ គួរតែត្រូវបានធ្វើឡើង ចន្លោះរយៈពេលពីមួយឆ្នាំទៅមួយឆ្នាំកន្លះ ប៉ុន្តែត្រូវការភាពអត់ធ្មត់។

នៅបង់ក្លាដែស មានគណបក្សនយោបាយសំខាន់ៗចំនួនពីរ គឺគណបក្ស Awami របស់លោកស្រី Hasina និងគណបក្សជាតិនិយមបង់ក្លាដែស (Bangladesh Nationalist Party) ដែលធ្លាប់អំពាវនាវឱ្យមានការរៀបចំការបោះឆ្នោត ក្នុងរយៈពេល ៣ខែនៃរដ្ឋាភិបាលបណ្តោះអាសន្ន ដែលចូលកាន់តំណែងកាលពីខែសីហា។ ក្រោយផ្ទុះការតវ៉ាដ៏ហិង្សា ឥលូវនេះរដ្ឋធានីដាក្កា បានវិលត្រលប់ទៅរកសភាពស្ងប់ស្ងាត់វិញហើយ ប៉ុន្តែស្ថាប័នស៉ីវិលខ្លះមិនទាន់ដំណើរការបានត្រឹមត្រូវនៅឡើយទេ៕