(វ៉ាស៊ីនតោន)៖ មន្ទីរបញ្ចកោណ កាលពីថ្ងៃចន្ទ ទី២៣ ខែកញ្ញា បានឱ្យដឹងថាសហរដ្ឋអាមេរិកកំពុងបញ្ជូនកងទ័ពមួយចំនួនតូចបន្ថែមទៀតទៅកាន់តំបន់មជ្ឈិមបូព៌ា ដោយសារតែការកើនឡើងភាពតានតឹងរវាងអ៉ីស្រាអែល និងក្រុមហេសបូឡា មានមូលដ្ឋាននៅលីបង់។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

ថ្លែងទៅកាន់អ្នកសារព័ត៌មាន អ្នកនាំពាក្យមន្ទីរបញ្ចកោណ លោក Patrick Ryder បានគូសបញ្ជាក់ដូច្នេះថា «ជាការប្រុងប្រយ័ត្នដើម្បីបញ្ចៀសរាល់ហានិភ័យ យើងកំពុង បញ្ជូនកងទ័ពមួយចំនួនតូចបន្ថែម ដើម្បីបង្កើនចំនួនកងកម្លាំងរបស់យើងដែលកំពុងឈរជើងស្រាប់នៅក្នុងតំបន់»។ លោក Ryder មិនបានបញ្ជាក់ថាលម្អិតថាតើមានកងទ័ព អាមេរិកប៉ុន្មាននាក់ត្រូវបញ្ជូនបន្ថែមទៅកាន់តំបន់មជ្ឈិមបូព៌ានោះទេ ហើយក៏មិនបានប្រាប់ថាតើការដាក់ពង្រាយកងទ័ពបន្ថែមនេះធ្វើឡើងក្នុងបេសកកម្មអ្វីនោះដែរ។

ក៏ប៉ុន្តែវាកើតឡើងចំពេលមានការព្រួយបារម្ភកាន់តែខ្លាំងពីហានិភ័យផ្ទុះសង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហេសបូឡា។

គួរបញ្ជាក់ថា ក្រសួងសុខាភិបាលលីបង់ បានឱ្យដឹងថាចំនួនអ្នកស្លាប់នៅក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលប្រឆាំងនឹងគោលដៅរាប់ពាន់កន្លែងរបស់ ក្រុមហេសបូឡា កាលពីថ្ងៃចន្ទ ទី២៣ ខែកញ្ញា បានកើនដល់៤៩២នាក់ និងរាប់ម៉ឺននាក់ត្រូវភៀសខ្លួនទៅរកកន្លែងមានសុវត្ថិភាព។ តាមក្រសួងសុខាភិបាលលីបង់ ក្នុងចំណោមអ្នកស្លាប់ ក្នុងនោះមានកុមារ ២៤នាក់ និងស្ត្រី៤២នាក់ ខណៈ១៦៤៥នាក់បានរងរបួស៕