(តេហេរ៉ង់)៖ កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បានឱ្យដឹងថា មនុស្ស ១២នាក់ត្រូវចាប់ខ្លួនដោយសង្ស័យថា បានសហការជាមួយអ៉ីស្រាអែល និងរៀបចំផែនការសកម្មភាពដើម្បីប្រឆាំងសន្តិសុខរបស់អ៉ីរ៉ង់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ ២០២៤។
សេចក្តីថ្លែងការណ៍របស់កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ បញ្ជាក់ថា «អ៉ីស្រាអែល និងអ្នកគាំទ្រលោកខាងលិចរបស់ពួកគេ ជាពិសេសសហរដ្ឋអាមេរិក គឺមិនជោគជ័យទេក្នុងគោលដៅប្រឆាំងប្រជាជនហ្កាហ្សា និងលីបង់។ ឥលូវនេះពួកគេកំពុងចង់ឱ្យ វិបត្តិកាន់តែរាលដាលមកអ៉ីរ៉ង់ ជាមួយនិងសកម្មភាពដែលបានគ្រោងទុកជាបន្តបន្ទាប់ ប្រឆាំងសន្តិសុខនៃប្រទេសរបស់យើង»។
ឆ្មាំបដិវត្តន៍បានបន្ថែមថា សមាជិកនៃបណ្តាញធ្វើប្រតិបត្តិការប្រឆាំងអ៉ីរ៉ង់ ១២នាក់ត្រូវបានចាប់ខ្លួននៅក្នុងខេត្តចំនួន ៦ នៃប្រទេស ប៉ុន្តែមិនបញ្ជាក់ថាធ្វើឡើង នៅពេលណានោះទេ។ កាលពីចុងខែកក្កដា មេដឹកនាំនយោបាយនៃក្រុមហាម៉ាស លោក Ismail Haniyeh ត្រូវបានគេធ្វើឃាតនៅក្នុងទីក្រុងតេហេរ៉ង់ ហើយអាជ្ញាធរអ៉ីរ៉ង់ចោទថា ជាស្នាដៃរបស់អ៉ីស្រាអែល។
គួរបញ្ជាក់ថា ភាពតានតឹងនៅមជ្ឈិមបូព៌ាបានផ្ទុះឡើង ចាប់តាំងពីមនុស្សរាប់ពាន់នាក់រងរបួស ក្នុងការបំផ្ទុះឧបករណ៍ទំនាក់ទំន ងនៅក្នុងប្រទេសលីបង់ កាលពីសប្តាហ៍មុន ដោយក្រុម Hezbollah បានស្តីបន្ទោសលើអ៉ីស្រាអែល។ ចាប់តាំងពីពេលនោះមក Hezbollah និងអ៉ីស្រាអែល បានបង្កើនការបាញ់ផ្លោងដាក់គ្នាឆ្លងព្រំដែន កាន់តែខ្លាំងជាងមុន ស្របគ្នានឹងសង្រ្គាមហ្កាហ្សា អូសបន្លាយពេលជិត ១ឆ្នាំ៕