(ហ៊្សេរុយសាឡិម)៖ នៅថ្ងៃចន្ទនេះ យោធាអ៉ីស្រាអែល បានបន្តការវាយប្រហារតាមផ្លូវអាកាសរបស់ខ្លួន ប្រឆាំងក្រុមហេសបូឡា (Hezbollah) ដោយកំណត់គោលដៅព្រមគ្នា នៅភាគខាងត្បូង ខាងកើត និងខាងជើងប្រទេសលីបង់ ហើយថែមទាំងព្រមានឱ្យ ប្រជាជនលីបង់នៅភាគខាងត្បូងប្រទេស នាំគ្នាស្ថិតនៅឱ្យឆ្ងាយពីទីតាំងទាំងឡាយណា ដែលប្រើប្រាស់ដោយ Hezbollah។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០២៤។
បណ្តាអ្នកស្រុកនៅតំបន់ភាគខាងត្បូងលីបង់ ទទួលបានការហៅទូរស័ព្ទបង្គាប់ឱ្យជម្លៀសខ្លួនជាបន្ទាន់ ពីកន្លែងពួកគេកំពុងស្ថិតនៅ ហើយរក្សាគម្លាតយ៉ាងហោចចម្ងាយ ១,០០០ម៉ែត្រ ពីទីតាំងនានា ដែលប្រើប្រាស់ដោយចលនាប្រដាប់អាវុធលីបង់ Hezbollah។ នៅមុននោះ អ្នកនាំពាក្យយោធាអ៉ីស្រាអែល បានចេញសារព្រមានស្រដៀងគ្នាមួយ ហើយបាននិយាយថា សារនោះកំពុងត្រូវបានចែកចាយ ក្នុងទម្រង់ជាភាសាអារ៉ាប់ ទៅកាន់បណ្តាញផ្សព្វផ្សាយ និងទាក់ទងទាំងអស់ នៅលីបង់។
កាលពីព្រឹកថ្ងៃចន្ទនេះ យោធាអ៉ីស្រាអែល បានបន្តបើកការវាយប្រហារតាមផ្លូវអាកាស ប្រឆាំងក្រុម Hezbollah ដោយកំណត់គោលដៅព្រមគ្នា នៅភាគខាងត្បូងលីបង់ នៅតំបន់ជ្រលង Bekaa ភាគខាងកើត ព្រមទាំងនៅតំបន់ភាគខាងជើង ក្បែរព្រំប្រទល់ប្រទេសស៉ីរី។ នៅពេលត្រូវបានសាកសួរពី លទ្ធភាពនៃការវាយលុកតាមជើងគោកចូលក្នុងលីបង់ យោធាអ៉ីស្រាអែល បានឆ្លើយតបដូច្នេះថា «យើងនឹងធ្វើអ្វីគ្រប់យ៉ាង ដែលចាំបាច់» ដើម្បីឱ្យប្រជាជននៅភាគខាងជើងអ៉ីស្រាអែល ដែលត្រូវបានជម្លៀសខ្លួន អាចវិលត្រឡប់ទៅកាន់ ផ្ទះរបស់ពួកគេវិញបាន ដោយសុវត្ថិភាព ដែលឥឡូវវាគឺជាអាទិភាពចម្បងបំផុតមួយ សម្រាប់រដ្ឋាភិបាលអ៉ីស្រាអែល។
យោធាអ៉ីស្រាអែល បានអះអាងថា ជាច្រើនឆ្នាំមកនេះ ក្រុម Hezbollah បានដាក់ពង្រាយសព្វាវុធរបស់ខ្លួន រួមមានទាំងមីស៉ីលគ្រូស នៅតាមលំនៅដ្ឋាន និងអគារផ្សេងៗ ពាសពេញតំបន់ភាគខាងត្បូងលីបង់ ដូច្នេះហើយ ទើបប្រជាជនលីបង់នៅភាគខាងត្បូង ត្រូវបានទទូចឱ្យស្ថិតនៅ ឱ្យឆ្ងាយពីទីតាំងទាំងនោះ។
គួរបញ្ជាក់ថា ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល នាថ្ងៃចន្ទនេះ ធ្វើឡើងក្រោយភាគីទាំងពីរ បានវាយប្រហារគ្នាទៅមកយ៉ាងចាស់ដៃ កាលពីចុងសប្តាហ៍មុន ក្នុងជម្លោះមួយ ដែលគិតមកទល់ពេលនេះ មានរយៈពេលជិត១ឆ្នាំ និងទន្ទឹមគ្នាជាមួយ សង្រ្គាមរវាងអ៉ីស្រាអែល និងក្រុមហាម៉ាសប៉ាឡេស្ទីន នៅឯតំបន់ហ្កាហ្សា៕