(វ៉ាស៉ីនតោន)៖ កាលពីថ្ងៃអាទិត្យ ទី២២ ខែកញ្ញា សេតវិមានបានប្រកាសឱ្យដឹងថា ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងត្រូវជួបប្រធានាធិបតី និងជាអគ្គលេខាធិការបក្សកុម្មុយនិស្ត នៃប្រទេសវៀតណាម គឺលោក To Lam នាថ្ងៃពុធសប្តាហ៍នេះ ដើម្បីពិភាក្សាគ្នា។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters។
ជំនួបខាងលើនឹងប្រព្រឹត្តទៅ នៅក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ (UN) ក្នុងទីក្រុង New York។ លោក បៃដិន បានខិតខំព្យាយាមជំរុញឱ្យទំនាក់ទំនងរបស់អាមេរិក កាន់តែមានភាពស៉ីជម្រៅជាមួយវៀតណាម ដើម្បីទប់ទល់រុស្ស៉ីនិងចិន ជាប្រទេសដែលទីក្រុងហាណូយ សុទ្ធតែរក្សាទំនាក់ទំនងល្អជាមួយ។ កាលពីខែកញ្ញា ឆ្នាំមុន លោក បៃដិន បានបំពេញទស្សនកិច្ចទៅកាន់វៀតណាម ហើយសម្រេចបានកិច្ចព្រមព្រៀងមួយចំនួន ស្តីពីឧស្សាហកម្មបន្ទះឈីបនិងធនធានរ៉ែ ព្រមទាំងបានដំឡើងឋានៈទំនាក់ទំនងការទូត ដល់កម្រិតខ្ពស់បំផុតជាមួយហាណូយ ពោលគឺស្មើរុស្ស៉ីនិងចិន ដែរ។
គួរបញ្ជាក់ថា ក្នុងដំណើរទស្សនកិច្ចលើកដំបូងមកកាន់សហរដ្ឋអាមេរិក ចាប់តាំងពីលោក ត្រូវបានតែងតាំងជាអគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម ដែលជាតំណែងមានអំណាចធំបំផុត នៅក្នុងប្រទេសអាស៊ានមួយនេះ កាលពីដើមខែសីហា លោក Lam ត្រូវថ្លែងសារនៅមហាសន្និបាត UN ហើយជួបជាមួយ ក្រុមអ្នកតំណាងមកពីក្រុមហ៊ុនធំៗអាមេរិកមួយចំនួន រួមមាន Google និង Meta ជាដើម។ បន្ទាប់ពីអាមេរិក លោក Lam ក៏នឹងឆ្លៀតចូលធ្វើទស្សនកិច្ចនៅគុយបាផងដែរ ដែលជាដៃគូកុម្មុយនិស្តយូរអង្វែងមកហើយ របស់វៀតណាម៕