(តេហេរ៉ង់)៖ ប្រភពពីមន្រ្តីសន្តិសុខជាន់ខ្ពស់អ៉ីរ៉ង់ បានបង្ហើបឱ្យដឹងថា កងកម្លាំងឆ្មាំបដិវត្តន៍អ៉ីរ៉ង់ IRGC បានសម្រេចដាក់បទបញ្ជា ឱ្យសមាជិកខ្លួនទាំងអស់ បញ្ឈប់រាល់ការប្រើប្រាស់ ឧបករណ៍ទាក់ទងគ្រប់ប្រភេទ បន្ទាប់ពីម៉ាស៉ីនផ្ញើសារ pager និងអាយកូម រាប់ពាន់គ្រឿង ដែលប្រើប្រាស់ដោយសម្ព័ន្ធមិត្តរបស់ខ្លួន គឺក្រុមហេសបូឡា (Hezbollah) នៅប្រទេសលីបង់ សុខៗស្រាប់តែបានផ្ទុះឡើង កាលពីសប្តាហ៍មុន។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០២៤។
ប្រភពដដែលបាននិយាយថា ប្រតិបត្តិការទ្រង់ទ្រាយធំ កំពុងតែប្រព្រឹត្តទៅ ដោយកងកម្លាំង IRGC ដើម្បីពិនិត្យមើលកឧបករណ៍ទាំងអស់ មិនមែនត្រឹមតែឧបករណ៍ទាក់ទងទេ ខណៈឧបករណ៍ទាំងនោះ ភាគច្រើនត្រូវបានផលិតនៅក្នុងស្រុកផ្ទាល់ ឬក៏នាំចូលពីរុស្ស៉ី និងចិន។ អ៉ីរ៉ង់មានការព្រួយបារម្ភអំពីការជ្រៀតចូលពី ក្រុមភ្នាក់ងាររបស់អ៉ីស្រាអែល រួមមានទាំងជនជាតិអ៉ីរ៉ង់ផ្ទាល់ ដែលត្រូវអ៉ីស្រាអែលជួលឱ្យធ្វើជាគិញសម្ងាត់។
ប្រភពខាងលើបន្តថា ដូច្នេះហើយ ការស៉ើបអង្កេតល្អិតល្អន់មួយចំពោះបុគ្គលិកបានចាប់ផ្តើម ដោយមានគោលដៅលើសមាជិកជាន់កណ្តាល និងជាន់ខ្ពស់របស់កងកម្លាំង IRGC។ ការស៉ើបអង្កេតនោះ រួមមានដូចជា ការពិនិត្យទៅលើគណនីធនាគាររបស់ពួកគេ ទាំងនៅអ៉ីរ៉ង់ផ្ទាល់ និងទាំងនៅក្រៅប្រទេស ព្រមទាំងប្រវត្តិធ្វើដំណើររបស់ពួកគេ ហើយនិងប្រវត្តិធ្វើដំណើរបស់គ្រួសារពួកគេ។
គួរបញ្ជាក់ថា ក្នុងការវាយប្រហារមួយ ដែលសង្ស័យជាស្នាដៃរបស់អ៉ីស្រាអែល ឧបករណ៍ pager ត្រូវបានបំផ្ទុះ កាលពីថ្ងៃអង្គារសប្តាហ៍មុន នៅពាសពេញតំបន់ឈរជើងរបស់ក្រុម Hezbollah។ រួចហើយមួយថ្ងៃក្រោយមក ឧបករណ៍វិទ្យុទាក់ទងអាយកូម រាប់ពាន់គ្រឿងដូចគ្នា ក៏បានផ្ទុះឡើងថែមទៀត។ ករណីវាយប្រហារ២ថ្ងៃជាប់គ្នានោះ បានសម្លាប់មនុស្សយ៉ាងតិច ៣៩នាក់ និងបង្កឱ្យរបួសជាង៣,០០០នាក់។ Hezbollah បានចោទថា អ៉ីស្រាអែលជាអ្នកនៅពីក្រោយសកម្មភាពនេះ ប៉ុន្តែអ៉ីស្រាអែលផ្ទាល់ មិនបានបដិសេធ ឬមួយក៏ទទួលស្គាល់ ឡើយ៕