(ប៉េកាំង)៖ ក្រសួងសន្តិសុខជាតិនៃប្រទេសចិន នាថ្ងៃចន្ទនេះ បាននិយាយថា ក្រុម hacker មួយ ដែលគាំទ្រដោយយោធាតៃវ៉ាន់ ហៅថា Anonymous 64 បានធ្វើសកម្មភាពវាយប្រហារ តាមប្រព័ន្ធអ៉ីនធើណិត (cyberattack) ប្រឆាំងលើគោលដៅនៅចិន ហើយបានទទូចឱ្យប្រជាជនប្រុងប្រយ័ត្ន និងរាយការណ៍អំពីករណីទាំងនោះ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នាថ្ងៃចន្ទ ទី២៣ ខែកញ្ញា ឆ្នាំ២០២៤។
ក្រសួងសន្តិសុខជាតិចិន បានអះអាងថា គិតចាប់តាំងដើមឆ្នាំនេះ ក្រុម Anonymous 64 ដែលស្ថិតក្នុងកងកម្លាំងសម្រាប់ធ្វើសង្រ្គាម តាមប្រព័ន្ធអ៉ីនធើណិតរបស់តៃវ៉ាន់ បានធ្វើសកម្មភាព upload និងផ្សព្វផ្សាយនូវមាតិកានានា ដែលរិះគន់ប្រព័ន្ធនយោបាយ ក៏ដូចជាគោលនយោបាយសំខាន់ៗ របស់ប្រទេសចិន នៅតាមវែបសាយ ផ្ទាំងអេក្រង់ផ្សាយពាណិជ្ជកម្ម និងបណ្តាញស្ថានីយទូរទស្សន៍ ជាដើម។
គួរបញ្ជាក់ថា ក្រសួងការពារជាតិតៃវ៉ាន់ បានចេញមុខច្រានចោលការចោទប្រកាន់ខាងលើ ហើយចោទបកមកវិញថា ចិនឯណោះទេទើបជា អ្នករំខានសន្តិភាពពិតប្រាកដ តាមរយៈការធ្វើសកម្មភាពវាយប្រហាប្រព័ន្ធអ៉ីនធើណិត និងការធ្វើទុក្ខបុកម្នេញផ្នែកយោធា។ ជារឿយៗ តៃវ៉ាន់បានចោទប្រកាន់ថា ក្រុម hacker របស់ចិន បានព្យាយាមចែកចាយព័ត៌មានមិនពិតតាមអនឡាញ ឬធ្វើសកម្មភាពវាយប្រហារតាមប្រព័ន្ធអ៉ីនធើណិត ប្រឆាំងដែនកោះនេះ។ ទោះមានរដ្ឋាភិបាលដាច់ដោយឡែកក៏ដោយក្តី កោះតៃវ៉ាន់ត្រូវបានចិនចាត់ទុកជាផ្នែកនៃទឹកដីរបស់ខ្លួន៕